(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានដាក់ឱ្យប្រើប្រាស់ និងដាក់ពង្រាយជាផ្លូវការហើយនូវយន្ដហោះចម្បាំង បំបាំងកាយ F-35A ដែលទិញពីសហរដ្ឋអាមេរិក ខណៈភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ចាប់ផ្ដើមកម្រើកឡើងវិញ ក្រោយ កូរ៉េខាងជើងបាញ់សាកល្បងអាវុធជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០១៩។

ពិធីខាងលើត្រូវបានធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស នៃកងអង្គភាពទី១៧ ស្ថិតក្នុងទីក្រុង Cheongju។ ប៉ុន្តែ ពិធីនេះ មិនបានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួមឡើយ ដើម្បីកាត់បន្ថយការខឹងសម្បាររបស់កូរ៉េខាងជើង ដ្បិតទីក្រុងព្យុងយ៉ាង ចាត់ទុកថាវត្តមានយន្ដហោះចម្បាំងអាមេរិក នៅលើឧបទ្វីបកូរ៉េគឺជាសញ្ញានៃសកម្មភាពត្រៀមឈ្លានពាន ប្រឆាំងនឹង របបដឹកនាំ លោក គីម ជុងអ៊ុន។

គួរជម្រាបថា មកទល់នឹងបច្ចុប្បន្ន កូរ៉េខាងត្បូងទទួលបានយន្ដហោះចម្បាំងបំបាំងកាយ F-35A ចំនួន១៣គ្រឿងពី សហរដ្ឋអាមេរិក ក្រោមផែនការនៃ ការដាក់ពង្រាយយន្ដហោះចម្បាំងដ៏ទំនើបនេះឱ្យដល់៤០គ្រឿង នៅត្រឹមឆ្នាំ២០២១៕