(អាមេរិក)៖ កន្លងទៅថ្មីៗនេះអ្នកស្រាវជ្រាវម្នាក់នៅសាកលវិទ្យាល័យ Purdue University នៃសហរដ្ឋអាមេរិកបានលើកឡើងថា ប្រសិនបើជីវិតពិតជាត្រូវរកឃើញ នៅក្នុងផ្ទៃសមុទ្រក្រោមផ្ទៃព្រះច័ន្ទទឹកកកដូចជា យូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ (Jupiter) ឬក៏ អ៊ែនសេឡាដឹស (Enceladus) របស់ភពសៅរ៍ (Saturn) មែននោះ ពួកវាទំនងជាទម្រង់ជីវិតដើមសុទ្ធសាធ ដែលពុំមានប្រភពពីផែនដី ឬមួយពីកន្លែងណាផ្សេងឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅរសៀលថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩។

អ្នកវិទ្យាសាស្រ្តជាច្រើនមានការជឿជាក់ថា ជីវិតអាចចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ក្នុងប្រព័ន្ធព្រះអាទិត្យយើងតាមរយៈបំណែកថ្ម ដែលខ្ទាតចេញទៅក្នុងទីអវកាស ដោយសារព្រឹត្តិការណ៍ប៉ះទង្គិចជាមួយអាចម៍ផ្កាយ។ តួយ៉ាងជីវិតនៅលើផែនដីយើងផ្ទាល់ត្រូវគេសង្ស័យថា តាមពិតប្រហែលជាមានប្រភពដើម មកពីភពអង្គារឯណោះទៅវិញទេ ដ្បិតភពក្រហមនោះត្រូវអ្នកវិទ្យាសាស្រ្តជឿថា កាលពីយូរណាស់មកហើយ វាធ្លាប់ជាទីឋានដែលអាចទ្រទ្រង់ជីវិតបាន។

យ៉ាងណាមិញ ដោយតាមការពិសោធន៍អ្នកស្រាវជ្រាវខាងលើ គឺលោក ចាយ មេឡូស (Jay Melosh) ករណីបែបនោះ មិនអាចកើតឡើងលើព្រះច័ន្ទ Europa ឬ Enceladus ឡើយ។ ក្នុងន័យមួយវាគឺជាដំណឹងដ៏ល្អ ព្រោះថានៅក្នុងប្រព័ន្ធព្រះអាទិត្យ ទំនងមានប្រភេទទម្រង់ជីវិតច្រើនខុសគ្នា ជាជាងទម្រង់ជីវិតតែមួយ ដែលត្រូវបានចែកចាយតៗគ្នា។ ម៉្យាងវិញទៀតវាក៏មានន័យថា ទម្រង់ជីវិតមិនមែនជាអព្ភូតហេតុអស្ចារ្យអ្វីឡើយ តែគឺជារឿងធម្មតាទូទៅនៅក្នុងចក្រវាឡយើងទៅវិញទេ។

គួរជម្រាបថា ក្នុងពេលខាងមុខយើងប្រហែលជាអាចទទួលបានឆ្លើយខ្លះៗ សម្រាប់ចម្ងល់ទាំងនេះ តាមរយៈបេសកកម្មមួយចំនួនដែល ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងអភិវឌ្ឍន៍ឡើងដូចជា Europa Clipper ដែលមានគោលដៅឆ្ពោះទៅសិក្សាលើព្រះច័ន្ទ Europa នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០២០ និងបេសកកម្ម Dragonfly ដែលឆ្ពោះទៅសិក្សាព្រះច័ន្ទ Titan របស់ភពសៅរ៍នៅឆ្នាំ២០២៦៕