(អ៊ីស្លាម៉ាបាដ)៖ អតីតមេដឹកនាំរបបយោធាប៉ាគីស្ថានលោក ភើវេស៍ មូហ្សារ៉ាហ្វ (Pervez Musharraf) បានទាត់ចោលការកាត់ទោសប្រហារជីវិតលោក ដោយតុលាការរបស់ប្រទេសប៉ាគីស្ថាន និងបានអះអាងតបទៅវិញថា ការកាត់ក្តីរបៀបនេះគឺជាការ «សងសឹកគំនុំផ្ទាល់តែខ្លួន» តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។

លោក Musharraf បានថ្លែងតាមរយៈខ្សែវីដេអូមួយដែលទើបត្រូវបានចេញផ្សាយ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា «ករណីនេះត្រូវបានបង្កើតឡើង និងដំណើរការទៅមុខ ក្រោមចេតនាសងសឹក ដោយមនុស្សមួយចំនួនដែលប្រឆាំងនឹងខ្ញុំ។ វាជាការសងសឹកគំនុំផ្ទាល់ខ្លួនប៉ុណ្ណោះ»។ លោក Musharraf ត្រូវបានគេរាយការណ៍ថា កំពុងតែបន្តសម្រាកព្យាបាលជំងឺនៅទីក្រុងឌូបៃ ហើយស្ថានភាពរបស់លោក គឺធ្ងន់ធ្ងរស្ទើរតែនិយាយមិនចេញទៅហើយ។

កាលពីថ្ងៃអង្គារកន្លងទៅនេះ តុលាការនៅប្រទេសប៉ាគីស្ថាន បានផ្តន្ទាទោសប្រហារជីវិតលើអតីតប្រធានាធិបតីលោក ភើវែស៍ មូហ្សារ៉ាហ្វ ពាក់ព័ន្ធការដែលលោកបានប្រកាសដាក់ប្រទេសប៉ាគីស្ថាន ក្នុងគ្រាអាសន្នកាលពីឆ្នាំ២០០៧។ លោក Musharraf អាយុ ៧៤ឆ្នាំ បានកាន់អំណាចជាមេដឹកនាំនៅប៉ាគីស្ថានចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៨ ហើយបច្ចុប្បន្នលោកកំពុងស្ថិតនៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ សំណុំរឿងរបស់លោក Musharraf ត្រូវបានចាប់ផ្តើមប្តឹងប្តល់កាលពីឆ្នាំ២០១៣ នៅពេលរដ្ឋាភិបាលប៉ាគីស្ថានជំនាន់នោះ បានដាក់ពាក្យប្តឹងរូបលោកអំពីទង្វើក្បត់ជាតិ ជុំវិញការប្រកាសប្រើអំណាចពិសេសក្នុងគ្រាអាសន្ន នៅខែវិច្ឆិកា ឆ្នាំ២០០៧ ដែលកំឡុងពេលនោះចៅក្រមជាច្រើនរូប នៃតុលាការជាន់ខ្ពស់ប៉ាគីស្ថានត្រូវបង្ខាំងឲ្យនៅក្នុងផ្ទះ ហើយចៅក្រមដល់ទៅជាង ១០០នាក់ត្រូវបាត់បង់តួនាទី។

យ៉ាងណាមិញសំណុំរឿងរបស់លោក ពុំបានវិវត្តន៍ទៅមុខ គួរឲ្យកតសម្គាល់អ្វីឡើយ ចាប់តាំងតែពីលោក Musharraf បានចាកចេញទៅកាន់ទីក្រុង ឌូបៃ (Dubai) ក្រោមហេតុផលសុខភាពកាលពីខែមីនា ឆ្នាំ២០១៦ ក្រោយត្រូវបានអាជ្ញាធរអនុញ្ញាតឡើងវិញ ឲ្យលោកអាចចេញដំណើរទៅក្រៅប្រទេស ខណៈបច្ចុប្បន្នលោកកំពុងរស់បែបនិរទេស នៅអាមីរ៉ាត់អារ៉ាប់រួម។

ក្រោយការលាលែងពីតំណែងកាលពីខែសីហា ឆ្នាំ២០០៨ នៅចំពោះមុខការចាប់ផ្តើមនីតិវិធីទម្លាក់ចេញពីអំណាច លោក Musharraf ធ្លាប់បាននិរទេសខ្លួនម្តងរួចមកហើយ ប៉ុន្តែបានត្រឡប់ចូលមកស្រុកវិញកាលពីឆ្នាំ២០១៣ ហើយ ០៣ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១៦ លោកក៏បានចាកចេញជាថ្មីម្តងទៀត។ បច្ចុប្បន្ននេះគេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលប៉ាគីស្ថាននឹងស្នើសុំធ្វើបត្យាប័នលោក Musharraf ពីប្រទេសអេមីរ៉ាត់អារ៉ាប់រួមដោយរបៀបណា ឬមួយក៏លោក Musharraf នឹងបន្តប្តឹងឧទ្ធរណ៍ដែរ ឬមួយអត់នោះឡើយ៕