(វ៉ាស៊ីនតោន)៖ សេតវិមានបានបង្ហាញភាពជឿជាក់ថា ព្រឹទ្ធសភាអាមេរិកនឹងអាចលុបលាងឈ្មោះ ហើយផ្តល់ភាពយុត្តិធម៌ដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងសវនាការ បន្ទាប់ពីសភាតំណាងរាស្រ្តបានបោះឆ្នោតគាំទ្រ ឲ្យចោទប្រកាន់លោក ត្រាំ ជាផ្លូវការពីបទរំលោភអំណាច និងបង្កភាពរាំងស្ទះដល់ការស៊ើបអង្កេតរបស់សភាអាមេរិក ដើម្បីឈានទៅដល់ការទម្លាក់រូបលោកពីតំណែង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។

អ្នកនាំពាក្យសេតវិមានលោកស្រី ស្ទេហ្វានី គ្រីសហាំ (Stephanie Grisham) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «ថ្ងៃនេះគឺជាការគូសចំណាំ នូវឆុតឆាកនយោបាយដ៏អាម៉ាសបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តប្រជាជាតិយើង ដែលរៀបចំឡើងដោយសភាតំណាងរាស្រ្ត។ ដោយទាំងមិនមានការគាំទ្រសូម្បីតែមួយសំឡេង ពីសំណាក់បក្សសាធារណរដ្ឋ និងដោយគ្មានការផ្តល់ភស្តុតាងជាក់ស្តែង ដ៏រឹងមាំណាមួយផងនោះ ក្រុមបក្សប្រជាធិបតេយ្យបាននាំគ្នាអនុម័តមាត្រាចោទប្រកាន់
ដែលគ្មានការទទួលស្គាល់ ដើម្បីប្រឆាំងនឹងលោកប្រធានាធិបតី ដើម្បីត្រឹមឲ្យឆ្លងផុតសភាតំណាងរាស្រ្ត»

លោកស្រី Grisham បានបន្តថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ មានភាពជឿជាក់ខ្ពស់ថា ព្រឹទ្ធសភានឹងស្តារសណ្តាប់ធ្នាប់ តម្លាភាព និង បែបបទនៃនីតិវិធីច្បាប់ឡើងវិញ ខណៈកត្តាទាំងអស់នេះត្រូវបានសភាតំណាងរាស្រ្ត មើលរំលង ហើយលោកត្រៀមលក្ខណៈរួចស្រេចសម្រាប់ជំហានបន្តទៀត ព្រមទាំងមានទំនុកចិត្តយ៉ាងពេញទំហឹងថា រូបលោកនឹងទទួលបានភាពស្អាតស្អំ»

គួរជម្រាបថា សភាតំណាងរាស្ត្រអាមេរិក ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័ត លើការចោទប្រកាន់ជាផ្លូវការ ឬដំណើរការនីតិវិធីដកតំណែងប្រឆាំងលោក ដូណាល់ ត្រាំ ដូចការរំពឹងទុក ដោយប្រការនេះបានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិកដែលត្រូវបានគេរៀបចំ ដំណើការនីតិវិធីដើម្បីដកតំណែង និងទទួលការអនុម័តមួយតង់នៅក្នុងសភាតំណាងរាស្ត្រ។

ប៉ុន្តែបន្ទាប់ពីការអនុម័តដោយសភាតំណាងរាស្ត្រអាមេរិករួច រឿងក្តីនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ដើម្បីបើកសវនាការដែលអាចនឹងប្រព្រឹត្តទៅ នៅខែមករា ឆ្នាំ២០២០ ហើយក៏ជាពេលដែលលោក ត្រាំ មានសង្ឃឹមឡើងវិញដែរ ព្រោះបក្សរបស់លោកមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា ហើយប្រាកណាស់ សមាជិកព្រឹទ្ធសភានៃបក្សសាធារណរដ្ឋ ប្រាកដជាមិនគាំទ្រការទម្លាក់លោក ដូណាល់ ត្រាំ ពីតំណែងប្រធានាធិបតីនោះឡើយ៕