(ប៊ែរឡាំង)៖ សមាជិកសភាអាល្លឺម៉ង់មកពីគណបក្សសង្គមប្រជាធិបតេយ្យ (SPD) លោកស្រី សាស្គីយ៉ា អ៊ែស្គែន (Saskia Esken) បានរិះគន់យ៉ាងខ្លាំងលើទីក្រុងវ៉ាស៊ីនតោន សម្រាប់ការសម្រេចចិត្តអនុម័តច្បាប់មានគោលដៅដាក់ទណ្ឌកម្ម លើបណ្ដាប្រទេសទាំងឡាយណា ដែលចូលរួមក្នុងគម្រោងសាងសង់បំពង់បង្ហូរប្រេង Nord Stream 2 ជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩។

Nord Stream 2 គឺជាគម្រោងសាងសង់បំពង់បង្ហូរប្រេង ដែលមានតម្លៃ ១០.៦ពាន់លានដុល្លាររវាងរុស្ស៊ី និងអាល្លឺម៉ង់ នៅក្រោមសមុទ្របាល់ទិច (Baltic)។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង ZDF នៅក្នុងសប្ដាហ៍នេះ លោកស្រី Saskia Esken ក្នុងនាមជាសហប្រធានគណបក្ស SPD បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការសម្រេចចិត្តដាក់ទណ្ឌកម្មណាមួយ ពីសំណាក់អាមេរិក លើគម្រោង Nord Stream 2 គឺជារឿងមិនអាចទទួលយកបាន... ពីព្រោះអាល្លឺម៉ង់មានសិទ្ធិសម្រេចថា ចង់បានថាមពលពីនរណា ឬដោយវិធីណា»

គួរជម្រាបថា ច្បាប់ស្តីពីវិស័យការពារជាតិឆ្នាំ២០២០ (National Defence Authorisation Act) ឬ NDAA ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ ៨៦ ទល់នឹង ០៨សំឡេង ហើយកញ្ចប់ថវិកានេះ មានទំហំធំជាងកញ្ចប់ថវិកាយោធ កាលពីឆ្នាំ២០១៨ ដែលមានត្រឹមតែ ៧១៦ពាន់លានដុល្លារ។ ក្រៅតែពីបង្កើតកងទ័ពអវកាសច្បាប់នេះក៏មានគោលដៅ ដាក់ទណ្ឌកម្មលើគម្រោង Nord Stream 2, តួកគី, ស៊ីរី និងសកម្មភាពយោធាជាច្រើនទៀត៕