(ដាម៉ាស់)៖ ទូរទស្សន៍រដ្ឋស៊ីរីបានឱ្យដឹងថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស នៃកម្លាំងរបស់រដ្ឋាភិបាលទីក្រុងដាម៉ាស់បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលជាច្រើនគ្រាប់ បាញ់ចេញពីទឹកដីអ៊ីស្រាអែល។ នេះបើតាមការដកស្រង់ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមទូរទស្សន៍ស៊ីរី SANA ស្នូរផ្ទុះដ៏កក្រើកចំនួនបីលើក បានកើតឡើងនៅរដ្ឋធានីដាម៉ាស់ កំឡុងប្រព័ន្ធការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលជាច្រើនគ្រាប់ ដែលត្រូវបានបាញ់ចេញពីទឹកដីអ៊ីស្រាអែល ដោយក្នុងនោះមានមីស៊ីលមួយគ្រាប់ ធ្លាក់នៅឯទីក្រុងអាក្រាបា (Akraba) នៃជាយរដ្ឋធានីដាម៉ាស់។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនោះទេ ខណៈអ៊ីស្រាអែលក៏មិនទាន់ធ្វើអត្ថាប្បាយអ្វីដែរ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែលអ៊ីស្រាអែល ត្រូវបានទីក្រុងដាម៉ាស់ចោទប្រកាន់ថា បានដឹកនាំការវាយប្រហារប្រឆាំងនឹងខ្លួន។ ជាក់ស្ដែងអ៊ីស្រាអែលធ្លាប់បានអះអាងថា បានដឹកនាំការវាយប្រហាររាប់រយលើក លើមូលដ្ឋានអ៊ីរ៉ង់នៅលើទឹកដីស៊ីរី ដោយគ្រាន់តែឆ្នាំ២០១៩នេះ យោធាអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានបាញ់មីស៊ីលច្រើនជាង ១៧លើក លើទឹកដីស៊ីរីហើយ ការវាយប្រហារចុងក្រោយបំផុត ធ្វើឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅ នៅឯជាយរដ្ឋធានីដាម៉ាស់៕