(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បាននិយាយថាភាពជាប់គាំងនៃកិច្ចចរចានុយក្លេអ៊ែរ និងភាពតានតឹងបច្ចុប្បន្ន រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មិនមែនជារឿងល្អសម្រាប់ចិន និងទីក្រុងព្យុងយ៉ាងនោះទេ ចំពេលដែលលោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថានឹងផ្ញើកញ្ចប់កាដូបុណ្យណូអែលដ៏ធំមួយជូន លោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។

ការកត់សម្គាល់បែបនេះរបស់លោក មូន ធ្វើឡើងក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ តែទន្ទឹមគ្នា លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានបង្ហាញការពេញចិត្តចំពោះតួនាទីយ៉ាងសំខាន់របស់ចិន នៅក្នុងសំណុំរឿង កូរ៉េខាងជើងផងដែរ។ លោក មូន បានគូសបញ្ជាក់ដូច្នេះថា៖ «ភាពជាប់គាំងនៃកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើង រូមទាំងភាពតានតឹងនាពេលថ្មីៗនេះ មិនមែនជារឿងល្អសម្រាប់ប្រទេសយើងទាំងពីរឡើយ ហើយវាក៏មិនមែនជារឿងល្អសម្រាប់ កូរ៉េខាងជើងដែរ...តែយ៉ាងណា ខ្ញុំនៅតែសង្ឃឹមថាយើងអាចនឹងធ្វើការងារជាមួយគ្នាឱ្យកាន់តែជិតស្និទ ដែលឱកាសដ៏កម្រនេះនឹង លេចចេញឡើងនូវលទ្ធផលជាទីគាប់ចិត្ត»។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទីក្រុងព្យុងយ៉ាង បានព្រមានថា សហរដ្ឋអាមេរិកនឹងត្រូវតបស្នងមកវិញនូវតម្លៃមួយ យ៉ាងសក្តិសម ចំពោះការថ្កោលទោសស្ថានភាពរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង ហើយទង្វើបង្ករឿងបែបនេះមានតែធ្វើឱ្យ ស្ថានភាពតានតឹង នៅលើឧបទី្វបកូរ៉េកាន់តែអាក្រក់ឡើងតែប៉ុណ្ណោះ៕