(អូស្រ្តាលី)៖ អាកាសធាតុក្ដៅបង្កឡើងដោយ ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលី បានថមថយបន្តិចហើយនៅថ្ងៃចន្ទនេះ ប៉ុន្តែក្រុមអ្នកពន្លត់អគ្គីភ័យត្រូវបានគេរំពឹងថា អាចនឹងប្រឈមមុខនឹងភ្លើងឆេះព្រៃដ៏សម្បើមសាជាថ្មី នៅក្រោយបុណ្យណូអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរអូស្ត្រាលី ភ្លើងឆេះព្រៃទើបតែបានផ្ដាច់ជីវិតមនុស្សម្នាក់បន្ថែមទៀត និងបំផ្លាញផ្ទះ ១៨០ខ្នង ដែលប្រការនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ០៦នាក់ ដោយសារភ្លើងឆេះដែលបានបំផ្លាញផ្ទៃដីជាង ៣.៧លានហិកតានៅទូទាំងរដ្ឋចំនួន ០៥ ជាពិសេសគឺរដ្ឋញូសោតវែលស៍ (New South Wales) តែម្ដងគិតចាប់តាំងពីខែវិច្ឆិកា។

គួរបញ្ជាក់ថា អូស្រ្តាលីទើបបានជួបអាកាសធាតុក្ដៅ ជាប់កំណត់ត្រាថ្មីមួយរហូតដល់ទៅ ៤១អង្សាសេកាលពីសប្ដាហ៍មុន ខណៈភ្លើងឆេះព្រៃកំពុងបង្ក ឱ្យអាកាសធាតុប្រែជាក្ដៅខ្លាំង ស្ទើរតែនៅទូទាំងប្រទេស ព្រោះគ្រាន់តែភ្លើងឆេះព្រៃនៅក្នុងរដ្ឋ New South Wales ប៉ុណ្ណោះ គឺមានជិតដល់ទៅ ១០០ទីតាំងទៅហើយ។

បន្ថែមពីលើនេះទៀត អាជ្ញាធរអូស្ត្រាលីបានព្រមានថា ការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង អាចនឹងកើតមានឡើងជាថ្មីនៅទីក្រុងអាឌែឡេដ (Adelaide) ជាមួយការព្យាករណ៍សីតុណ្ហភាពក្នុងរង្វង់ ៣៩អង្សាសេ រីឯទីក្រុងមែលប៊ឺន (Melbourne) ក៏អាចនឹងមានសីតុណ្ហភាពក្ដៅខ្លាំងដូចគ្នានេះដែរ៕