(វ៉ាស៊ីនតោន)៖ យានអវកាស Starliner របស់ក្រុមហ៊ុន Boeing បានត្រឡប់ចុះមកដល់ផែនដីវិញកាលពីថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) ក្រោយពីបានបោះបង់ចោលគម្រោង ចូលចតនៅស្ថានីយអវកាសអន្តរជាតិ ព្រោះតែការបញ្ជ្រៀតខ្លួនចូលខុសគន្លង ក្រោយពីបាញ់បង្ហោះឡើងពីផែនដី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។

យាន Starliner ដែលជាយានអវកាស Boeing កំពុងតែបន្តអភិវឌ្ឍន៍ ដើម្បីដឹកអវកាសយានិករបស់ ទីភ្នាក់ងារអវកាសអាមេរិក NASA ឡើង និងចុះស្ថានីយអវកាសអន្តរជាតិ (ISS) ត្រូវបានធ្វើតេស្តហោះហើរជាលើកដំបូង កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែពុំមានផ្ទុកមនុស្សឡើយ។ តាមផែនការដែលបានគ្រោងទុក យាននេះត្រូវទៅចូលចតនៅស្ថានីយអវកាសអន្តរជាតិ ប៉ុន្តែក្រោយការបាញ់បង្ហោះឡើងពីផ្ទៃផែនដី និងការផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែត វាមិនបានទៅដល់គន្លងទីតាំងដែលបានកំណត់ទុក ដើម្បីត្រៀមឆ្ពោះទៅចតនៅស្ថានីយ ISS នោះឡើយ។

គួរជម្រាបថា ទោះបីយាន Starliner ត្រូវបានបាញ់បង្ហោះឡើងចេញផុតពីផែនដី ដោយជោគជ័យ ហើយចុះមកវិញដោយសុវត្ថិភាពក៏ដោយ ការបោះបង់ចោលការចូលចតនៅស្ថានីយអវកាស ISS ដែលជាគោលដៅចម្បងគេ នៃបេសកកម្មសាកល្បងនេះ គឺជាបញ្ហាមួយសម្រាប់កិច្ចប្រឹងប្រែងរបស់អង្គការ NASA ក្នុងការកាត់ផ្តាច់ភាពពឹងផ្អែក លើយានអវកាសរុស្ស៊ី ហើយងាកមកប្រើយានរបស់អាមេរិកផ្ទាល់វិញ ដើម្បីដឹក អវកាសយានិកឡើងនិងចុះស្ថានីយអវកាសនោះ។

ទីភ្នាក់ងារអវកាស NASA បានផ្តល់កិច្ចសន្យាឲ្យក្រុមហ៊ុន Boeing និង SpaceX ផលិត យានអវកាសពីរគ្រឿងកាលពីឆ្នាំ២០១៤។ យាន Crew Dragon របស់ SpaceX បានបញ្ចប់ការហោះហើរលើកដំបូងដោយមិនមានមនុស្ស កាលពីខែមីនា ឆ្នាំ២០១៩ ហើយគ្រោងនឹងចេញបេសកកម្មសាកល្បង ដោយមានវត្តមានអវកាសយានិកនៅក្នុងឆ្នាំ២០២០៕