(អង់ការ៉ា)៖ គូដណ្ដឹងនៃអតីតអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) គឺលោកស្រី ហាធីស សេនជីស (Hatice Cengiz) បានចាត់ទុកការផ្តន្ទាទោស «ប្រហារជីវិតមនុស្ស ០៥នាក់» ពីបទសម្លាប់គូដណ្ដឹងជាទីស្រឡាញ់របស់លោកស្រី គឺជាទង្វើបិទបាំងការពិត និងគ្មានភាពយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី Hatice បានលើកឡើងយ៉ាងដូច្នេះថា «សវនាការរបស់អារ៉ាប៊ីសាអូឌីត មិនបានបញ្ជាក់ថា ហេតុអ្វីបានជាពិរុទ្ធជនទាំង ០៥នាក់សម្លាប់លោក Khashoggi នោះទេ ខណៈសវនាការធ្វើឡើងដោយបិទទ្វារ។ ម្យ៉ាងវិញទៀត បើអ្នកទាំងនេះត្រូវបានប្រហារជីវិត ដោយមិនមានឱកាសនិយាយ ឬក៏បកស្រាយទេ នោះយើងក៏មិនអាចដឹងការពិតនៅពីក្រោយឃាតកម្មនេះដែរ... ដូច្នេះហើយខ្ញុំអំពាវនាវឱ្យអាជ្ញាធរទាំងអស់នៅលើពិភពលោក ថ្កោលទោសការសម្រេចចិត្តរបស់តុលាការអារ៉ាប៊ីសាអូឌីត ដែលជាទង្វើចង់បិទបាំងការពិត និងអយុត្តិធម៌ជាទីបំផុត»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តុលាការអារ៉ាប៊ីសាអូឌីត បានផ្តន្ទាទោសប្រហារជីវិតមនុស្ស ០៥នាក់ និងបីនាក់ដាក់ពន្ធនាគារអស់មួយជីវិត ពីបទរួមគំនិតគ្នាសម្លាប់អ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ លោក Jamal Khashoggi ប៉ុន្តែតុលាការក៏បានលើកលែងការចោទប្រកាន់លើមនុស្ស ០៣ផ្សេងទៀតោងដែរ ដោយសំអាងថាពួកគេគ្មានកំហុស។ ទោះបីជាបែបនេះក្តី អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិម្នាក់ បានចោទប្រកាន់ទីក្រុងរីយ៉ាដថា កំពុងលេងសើចនឹងប្រព័ន្ធយុត្តិធម៌ តាមរយៈការដោះលែងមនុស្សដែលអាចជា អ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែតរូបនេះ។

លោក Khashoggi ដែលជាអតីតអ្នកកាសែត Washington Post បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង បន្ទាប់ពីបានចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ដើម្បីយកឯកសាររៀបការជាមួយគូណ្ដឹង។ ក្រោយមកទៀត លោកត្រូវបានគសន្និដ្ឋានថា ត្រូវបានគេសម្លាប់ដោយកាត់សាកសពជាកង់ៗ និងខ្លះទៀតថែមទាំងបានអះអាងថា សាកសពត្រូវបានរំលាយចោល តែមកទល់ពេលនេះសាកសពរបស់លោក មិនទាន់ត្រូវគេរកឃើញឡើយ៕