(បរទេស)៖ អ្នកកាសែតផ្នែកស៊ើបអង្កេតម្នាក់ឈ្មោះ រីក ស្ទើលីង (Rick Sterling) ដែលបានទៅបំពេញទស្សនកិច្ចនៅស៊ីរី កាលពីប៉ុន្មានខែកន្លងទៅនេះបានឲ្យដឹងថា ប្រទេសស៊ីរីកំពុងតែបន្តងើបឡើងវិញ ពីសង្រ្គាម និងធ្វើដំណើរទៅមុខយ៉ាងសន្សឹមៗ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

លោក Sterling បាននិយាយថា កាលពីសប្តាហ៍មុននេះកងទ័ពស៊ីរីនៅក្នុងទីក្រុងនៃខេត្ត អ៊ីដលីប (Idlib) បានដណ្តើមភូមិជាង ២០ យកមកគ្រប់គ្រងវិញ ហើយក្រុមសកម្មប្រយុទ្ធ ដែលធ្លាប់ឈរជើងនៅទីនោះក៏បានដកខ្លួនថយ។ រីឯនៅទីក្រុង ហូមស៍ (Homs) ដែលលោកបានទៅទស្សនកិច្ច បើទោះបីផ្នែកជាច្រើននៃទីក្រុងនេះ ត្រូវបានបំផ្លិចបំផ្លាញមើលមិនយល់ក៏ដោយ គេអាចឃើញទីនោះកំពុងតែស្ថិតក្រោម ការប្រឹងប្រែស្ថាបនាឡើងវិញសាជាថ្មី។ បើតាមលោក Sterling បានកត់សម្គាល់ថា រដ្ឋាភិបាលស៊ីរីទំនងជាមានបំណងចង់ដណ្តើមយកខេត្តអ៊ីលីប (Idlib) មកវិញទាំងស្រុង មុនងាកទៅផ្តោតលើតំបន់ភាគខាងកើតប្រទេស។

ពាក់ព័ន្ធនឹងសេដ្ឋកិច្ចរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះវិញ អ្នកកាសែតខាងលើបានលើកឡើងថា ស៊ីរីនៅមានវិស័យខ្លះដែលមិនបានទទួល រងការប៉ះពាល់ខ្លាំងដោយសារសង្រ្គាម តួយ៉ាងដូចជាវិស័យកសិកម្ម ប៉ុន្តែលោកទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ចស៊ីរីគឺពិតជាធ្ងន់ធ្ងរខ្លាំង ហើយលោកបានរម្ភថា វានឹងកាន់តែអាក្រក់ទៅៗថែមទៀត ព្រោះតែទណ្ឌកម្មដែលសភាអាមេរិកទើបតែអនុម័ត។ បន្ថែមពីនេះ អ្នកដែលរងទុក្ខវេទនានោះ គឺនរណាក្រៅពីប្រជាជនស្លូតត្រង់របស់ស៊ីរីឡើយ។

គួរជម្រាបថា លោក Sterling បានកោតសរសើរចំពោះរដ្ឋាភិបាលស៊ីរី ដែលបានបន្តតស៊ូប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក រហូតមកទល់បច្ចុប្បន្ន ដែលមិនដូចករណីប្រទេសមួយចំនួនទៀត ដែលត្រូវបានអាមេរិកចូលធ្វើអន្តរាគមន៍ដោយជោគជ័យឡើយ។

លោក Sterling បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១០ ទីក្រុងដាម៉ាស់គឺជាទីក្រុងដ៏មានសុវត្ថិភាពបំផុតមួយ នៅលើពិភពលោក ប៉ុន្តែក្រោយមកនៅឆ្នាំ២០១១ សង្រ្គាមបានផ្ទុះឡើង ហើយទីក្រុងដាម៉ាស់ត្រូវបានគំរាមកំហែងជាខ្លាំង ប៉ុន្តែឥឡូវទីក្រុងនេះហាក់មានសុវត្ថិភាពជាងមុន ដែលជាសញ្ញាបង្ហាញថា ស៊ីរីជាប្រទេសដែលបានតស៊ូដើម្បីឯករាជ្យជាតិ និងដើម្បីសមត្ថភាពមើលខុសត្រូវខ្លួនឯង។ ករណីនៅស៊ីរីគឺផ្ទុយពីករណីនៅលីប៊ី ដែលរដ្ឋាភិបាលត្រូវបានផ្តួលរលំ ហើយប្រទេសត្រូវបានហែកហួរជាពីរ៕