(ម៉ូស្គូ)៖ អ្នកសារព័ត៌មានរុស្ស៊ីម្នាក់មកពីទូរទស្សន៍រដ្ឋក្នុងតំបន់ យ៉ាម៉ាល់ (Yamal) អ្នកនាង អាលីសា យ៉ារ៉ូវស្កាយ៉ា (Alisa Yarovskaya) បានសម្រេចចិត្តលាឈប់ពីការងារ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាង បានសួរសំនួរមួយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំឡុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំកាលពីថ្ងៃទី១៩ ខែធ្នូ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

នៅកំឡុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោក ពូទីន កាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅ អ្នកនាង Alisa Yarovskaya បានសួរទៅកាន់ប្រធានាធិបតីរុស្ស៊ីរូបនេះ ជុំវិញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ក្នុងនោះរួមមានទាំងការស្ថាបនាផ្លូវដែក និងការសាងសង់ស្ពានឆ្លងកាត់ទន្លេ អូប (River Ob) ដែលកំពុងជាប់គាំង។ ស្ពាននេះគឺតភ្ជាប់ពីតំបន់ សាឡេកហាដ (Salekhard) ទៅកាន់តំបន់ឡាប៊ីតណាងហ្គី (Labytnangi)។

អ្នកសារព័ត៌មានរូបនេះលើកឡើង នាឱកាសនោះយ៉ាងដូច្នេះថា «អភិបាលរបស់យើងគឺលោក ឌីមីទ្រី អាកយុកខូវ (Dmitry Artkyukhov) បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឱ្យគម្រោងនេះក្លាយជាការពិត។ តែគម្រោង នេះហាក់ដូចជាមិនត្រូវបានគេខ្វាយខ្វល់ឡើយនៅថ្នាក់សហព័ន្ធ (រដ្ឋាភិបាលម៉ូស្គូ)។ ដូច្នេះសំនួរដែលខ្ញុំចង់សួរនោះគឺ តើយើងអាចឱ្យមន្ត្រីសហព័ន្ធចូលរួម ក្នុងគម្រោងនេះបានដែរ ឬទេ?»

យ៉ាងណាក៏ដោយ បើតាមសេចក្ដីរាយការណ៍មួយចំនួន អាជ្ញាធរតំបន់ អាក់ទិកយ៉ាម៉ាល់ (Arctic Yamal) ស្ថិតនៅភាគពាយ័ព្យតំបន់ស៊ីបេរី (Siberia) បានបង្ហាញការមិនពេញចិត្តទាល់តែសោះ ចំពោះសំនួររបស់អ្នកនាង Yarovskaya។ ប៉ុន្តែ មូលហេតុពិតប្រាកដនៅពីក្រោយការលាឈប់នេះ នៅមិនទាន់មានការបញ្ជាក់ ឱ្យច្បាស់នៅឡើយទេ ខណៈអ្នកនាង Yarovskaya ផ្ទាល់អះអាងថា បានដាក់ពាក្យលាឈប់ដោយខ្លួនឯង៕