(បាងកក)៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធនេះបានឱ្យដឹងថាខ្លួននឹងចេញសេចក្ដីសម្រេច ជុំវិញការរំលាយគណបក្សអនាគតថ្មី (Future Forward Party) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីមានពាក្យបណ្ដឹងមួយថាសកម្មភាពរបស់គណបក្ស ប្រឆាំងមួយនេះគឺជាទង្វើញុះញង់ និងមាន មានផែនការផ្ដួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩។

ពាក្យបណ្ដឹងខាងលើដដែល បានចោទប្រកាន់ដែរថាស្លាកសញ្ញារាងត្រីកោណរបស់គណបក្សអនាគតថ្មី មានលក្ខណៈស្រដៀងគ្នានឹងនិមិត្តរូប ត្រីកោណ Illuminati ដែលជាអង្គការសំងាត់មួយមានគោលបំណងគ្រប់គ្រងពិភពលោកទាំងមូល។ ដោយឡែក តុលាការថៃក៏បានទុកពេលឱ្យ គណបក្សអនាគតថ្មី ១៥ថ្ងៃផងដែរ ដើម្បីផ្ដល់ចម្លើយតបទៅនឹងការចោទប្រកាន់មួយដាច់ដោយឡែក ជុំវិញការរំលោភលើច្បាប់គណបក្ស នយោបាយ និងបានខ្ចីលុយពីថ្នាក់ដឹកនាំគណបក្សរបស់ខ្លួន។

ស្ថានិកនៃគណបក្សប្រឆាំងមួយនេះដែលទទួលបានសំឡេងគាំទ្រច្រើន លំដាប់ទី៣នៅក្នុងការបោះឆ្នោត និងជាអ្នកប្រឆាំងរដ្ឋាភិបាលចម្រុះ របស់នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា គឺលោក Thanathorn Juangroongruangkit បានខ្ចីប្រាក់៦.៣៤លានដុល្លារពីថ្នាក់ដឹកនាំ គណបក្សរបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការនានា។

គួរបញ្ជាក់ថា ច្បាប់គណបក្សនយោបាយថៃ មិនបានរារាំងគណបក្សណាមួយក្នុងការខ្ចីប្រាក់នោះទេ។ ប៉ុន្តែបានហាមឃាត់ការទទួល ឬខ្ចីប្រាក់ពី ប្រភពដែលគួរឱ្យសង្ស័យ។ លោក Thanathorn កាលពីខែវិច្ឆិកា ត្រូវបានតុលាការថៃលុបចោលអភ័យឯកសិទ្ធិជាសមាជិកសភា ក៏ដោយសារ តែការចោទថាលោកបានរំលោភលើច្បាប់បោះឆ្នោតដែរ៕