(ភ្នំពេញ)៖ នាវេលានេះបាតុភូតសូរ្យគ្រាសបានឈានដល់កម្រិត ៦០ភាគរយពេញតែម្តងហើយ នៅវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់។ ដោយឡែកនៅម៉ោង ០២៖១៤នាទីពេលរសៀល ព្រះអាទិត្យនឹងត្រឡប់ទៅដូចដើមវិញ ដែលជាការបិទបញ្ចប់នៃបាតុភូតសូរ្យគ្រាស លើកចុងក្រោយបំផុតប្រចាំទសវត្សរ៍នេះ ខណៈប្រជាជននៅតាមបណ្តាប្រទេសនានារួមទាំងកម្ពុជា បាននិងកំពុងផ្តិតយកទិដ្ឋភាពនេះ និងបង្ហោះតាមបណ្តាញសង្គម ព្រមទាំងមានការ Live ផ្ទាល់យ៉ាងច្រើនផងដែរ។

ខណៈព្រះអាទិត្យត្រូវបានស្រមោលព្រះច័ន្ទចាប់ផ្តើមលេប បន្តិចម្តងៗកាលពីម៉ោង ១០៖៣០ព្រឹក នៅពេលម៉ោង ១២៖៣០ថ្ងៃត្រង់នេះ ទើបយើងអាចឃើញ ព្រះអាទិត្យត្រូវកំបាំងជាងពាក់កណ្តាលខ្លួនដោយព្រះច័ន្ទ។ ក្រោយមកនៅម៉ោង ២៖២៤នាពេលរសៀល បាតុភូតសូរ្យគ្រាសនឹងត្រូវចប់ជាស្ថាពរ នៅពេលព្រះច័ន្ទចេញពីផុតគោចរចេញផុតពីចន្លោះព្រះអាទិត្យ និងភពផែនដី។

សម្រាប់សូរ្យគ្រាសនៅថ្ងៃព្រហស្បតិ៍នេះ គឺជាសូរ្យគ្រាសប្រចាំឆ្នាំ ដែលរាលដាលពីប្រទេសអារ៉ាប៊ីសាអូឌីត ដល់ប្រទេសឥណ្ឌា និងអាស៊ីភាគខាងត្បូង។ បើតាមផែនទីដែលត្រូវបានបង្ហាញដោយក្រុមអ្នកជំនាញ ប្រទេសដែលអាចមើលឃើញសូរ្យគ្រាសពេញលេញ ១០០% (ព្រះអាទិត្យត្រូវព្រះច័ន្ទបាំងជិតតែម្តង) មានដូចជាអារ៉ាប៊ីសាអូឌីត, អូម៉ង់, ឥណ្ឌាភាគខាងត្បូង, ស្រីលង្កា, កោះធំទាំងពីររបស់ឥណ្ឌូណេស៊ី គឺស៊ូម៉ាត្រា និងកាលីម៉ាន់តាន់, គូឡាឡាំពួរ-ម៉ាឡេស៊ី, ប្រ៊ុយណេ, សិង្ហបុរី និងភាគខាងត្បូងហ្វីលីពីន។

គួរបញ្ជាក់ថា ដោយសារឥទ្ធិពលនៃពន្លឺព្រះអាទិត្យខ្លាំង ដូច្នេះការយកកាមេរ៉ាទូរស័ព្ទ ឬកាមេរ៉ាធម្មតា មិនអាចថតទិដ្ឋភាពនេះបានឡើយ។ សូរ្យគ្រាស ៦០%មានន័យថា វាមិនងងឹតនោះទេ គ្រាន់តែយើងអាចមើលឃើញព្រះអាទិត្យ ត្រូវបានបាំងពន្លឺមួយចំហៀង ហើយបើយើងមិនចាប់អារម្មណ៍ នេះក៏ស្ទើរតែមិនដឹងពីបម្រែបម្រួលពន្លឺនោះដែរ។ ដូច្នេះសូមកុំព្យាយាមទស្សនាដោយភ្នែកទទេ ឬមានឧបករណ៍ការពារភ្នែកមិនគ្រប់គ្រាន់ ដែលនាំឲ្យប៉ះពាល់ដល់ភ្នែក៕