(ម៉ានីល)៖ ព្យុះទីហ្វុង ផាន់ហ្វុន (Phanfone) ដែលបានវាយប្រហារលើប្រទេសហ្វីលីពីន នាឱកាសថ្ងៃបុណ្យណូអែលនៅថ្ងៃពុធសប្ដាហ៍នេះ បានផ្ដាច់ជីវិតមនុស្ស ១៦នាក់ ព្រមទាំងបង្កការខូចខាតមួយចំនួនផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរហ្វីលីពីន ព្យុះទីហ្វុង Phanfone បានបង្កឱ្យផ្ទះសម្បែងជាច្រើនខ្នងរងការខូចខាត រីឯការផ្គត់ផ្គង់អគ្គិសនីស្ទើតែទូទាំងប្រទេស ត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។
ភ្លាមៗមិនទាន់មានការវាយតម្លៃពីទំហំខូចខាត តែអាជ្ញាធរបានទទួលស្គាល់ថាមនុស្ស ១៦នាក់បានស្លាប់នៅក្នុងភូមិ និងទីក្រុងមួយចំនួនធំនៅលើកោះ វីសាយ៉ាស (Visayas) ខណៈកោះ បូរ៉ាខាយ (Boracay) និងកោះ ខូរ៉ុន (Coron) ក៏បានរងការវាយប្រហារពីព្យុះដ៏កំណាចនេះដែរ ដែលនាំមកជាមួយភ្លៀង និងខ្យល់បក់ក្នុងល្បឿន ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា ព្យុះយ៉ាងហោចចំនួន ២០ តែងតែវាយប្រហារលើប្រទេសហ្វីលីពីន ក្នុងមួយឆ្នាំៗ ហើយព្យុះទីហ្វុងកំណាចបំផុតប្រចាំប្រវត្តិសាស្ត្រ គឺហៃយ៉ាន (Haiyan) បានផ្ដាច់ជីវិតប្រជាជនហ្វីលីពីណច្រើនជាង ៧,៣០០នាក់ កាលពីឆ្នាំ២០១៣៕