(ហាណូយ)៖ លោក Nguyen Phu Trong ដែលជាប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បាននិយាយថា ការដាក់ទោសធ្ងន់ៗលើមន្រ្តីជាន់ខ្ពស់ទាំងឡាយណា ដែលប្រព្រឹត្តអំពើពុករលួយជាកត្តាសំខាន់មួយ ដែលជួយទប់ស្កាត់ប្រឆាំង នឹងការប្រព្រឹត្តអំពើបែបនេះទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VNExpress នៅយប់ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩។

លោក Trong បានលើកឡើងដូច្នោះ ដោយសារលោកចង់សំដៅលើសំណុំរឿងពុករលួយដ៏កក្រើកមួយ ដែលជាប់ពាក់ព័ន្ធទៅនឹង អតីតរដ្ឋមន្រ្តីនិងអតីតអនុរដ្ឋមន្រ្តីព័ត៌មានវៀតណាម ដែលទើបតែត្រូវបានផ្តន្ទាទោសនាពេលកន្លងទៅថ្មីៗនេះ។ ក្នុងកិច្ចប្រជុំមួយ នាថ្ងៃចន្ទនេះ លោកប្រធានាធិបតីវៀតណាមបានលើកឡើងថា សំណុំរឿងនោះ គឺជាការអប់រំទូន្មានផង ជាការដាស់តឿនផង និងជាការរារាំងទប់ស្កាត់ផង សម្រាប់បទឧក្រិដ្ឋស្រដៀងៗគ្នាទៀតនាថ្ងៃអនាគត។ លោក Trong បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនិងស្ថាប័ននានារបស់រដ្ឋាភិបាល មិនគួរភ័យខ្លាចក្នុងការប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយ ដោយសារការព្រួយបារម្ភថាវានឹងប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសនោះឡើយ។

នាថ្ងៃសៅរ៍សប្តាហ៍មុន តុលាការវៀតណាមបានសម្រេចផ្តន្ទាទោសលោក Nguyen Bac Son អតីតរដ្ឋមន្រ្តីព័ត៌មាននិងទំនាក់ទំនង វៀតណាមឲ្យជាប់ពន្ធនាគារមួយជីវិត ពីបទទទួលសំណូកប្រាក់រាប់លានដុល្លារ ពាក់ព័ន្ធនឹងការទិញយកក្រុមហ៊ុនផ្សព្វផ្សាយបែប ឌីជីថល Audio Visual Global ដោយក្រុមហ៊ុនទូរគមនាគមន៍ MobiFone របស់រដ្ឋាភិបាលវៀតណាម។ រី ឯលោក Truong Minh Tuan ដែលជាអតីតអនុរដ្ឋមន្រ្តីព័ត៌មានវៀតណាម ក៏ត្រូវជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំផងដែរ។ ក្រៅពីនេះនៅមានបុគ្គលពាក់ព័ន្ធ មួយចំនួនទៀត ដែលត្រូវបានតុលាការវៀតណាមផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចន្លោះពី៣ឆ្នាំ-២៣ឆ្នាំ។

គួរជម្រាបថា ចាប់តាំងតែពីយុទ្ធនាការបង្រ្កាបអំពើពុករលួយបានចាប់ផ្តើមកាលពីឆ្នាំ២០១៧ មន្រ្តីជាន់ខ្ពស់វៀតណាម ក៏ដូចជាមន្រ្តី យោធាកំពូលនិងអ្នកជំនួញជាច្រើន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ខណៈលោក Nguyen Phu Trong បានបញ្ជាក់ជាដដែល ៗថា យុទ្ធនាការនេះនឹងបន្តទៅមុខទៀតយ៉ាងស្វាហាប់ ហើយមិនលើកលែងឲ្យនរណាម្នាក់ឡើយ ដែលប្រព្រឹត្តផ្ទុយពីច្បាប់៕