(ប្រេស៊ីល)៖ ក្រសួងយុត្តិធម៌ប្រេស៊ីល បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានពិន័យក្រុមហ៊ុន Facebook Inc ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស របស់សហរដ្ឋអាមេរិក ជាទឹកប្រាក់ចំនួន៦.៦លានរៀលប្រេស៊ីល (១.៦៤លានដុល្លារអាមេរិក) ពីបទចែករំលែកទិន្នន័យអ្នកប្រើប្រាស់មិនត្រឹមត្រូវ, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី៣០ ខែធ្នូនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ, ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ការពិន័យនេះគឺជាការអនុវត្តជាលើកដំបូង មិនធ្លាប់មានពីមុនមកចំពោះក្រុមហ៊ុន Facebook នៅក្នុងប្រទេសប្រេស៊ីល ហើយវាមានការពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យខុស ដោយក្រុមហ៊ុនវិភាគ Cambridge Analytica នៅក្នុងឆ្នាំ២០១៨។

ប្រភពដដែល បានបញ្ជាក់ថា ក្រុមហ៊ុន Facebook ភ្លាមៗនេះមិនទាន់ធ្វើការឆ្លើយតប ពាក់ព័ន្ធនឹងបញ្ហានេះនោះទេ៕