(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានរឹបអូសកប៉ាល់មួយគ្រឿងដែលសង្ស័យថា លួចរត់ពន្ធប្រេងដោយខុសច្បាប់ ដោយបានឃាត់ខ្លួននាវិកជាជនជាតិម៉ាឡេស៊ី ១៦នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។

បើតាមគេហទំព័ររបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានរឹបអូសប្រេង ១.៣លានលីត្រ ពីកប៉ាល់មិនស្គាល់ឈ្មោះខាងលើផងដែរ ដែលស្ថិតនៅចំងាយប្រហែល ២៧គីឡូម៉ែត្រ ពីដែនទឹកនៃកោះ អាប៊ូ មូសា (Abu Musa)។ Abu Musa គឺជាកោះ មួយក្នុងចំណោមកោះទាំងបី នៅក្នុងតំបន់ឈូងសមុទ្រភាគខាងត្បូង ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ តែអេមីរ៉ាត់អារ៉ាប់រួមបានអះអាងថា កោះនេះជាកម្មសិទ្ធិរបស់ខ្លួន។

គួរជម្រាបថា កាលពីខែកញ្ញាកន្លងទៅ អ៊ីរ៉ង់ក៏ធ្លាប់បានរឹបអូសកប៉ាល់មួយគ្រឿង និងឃាត់ខ្លួននាវិក ១២នាក់ ជាជនជាតិហ្វីលីពីនផងដែរដោយចោទថា កប៉ាល់នេះលួចរត់ពន្ធប្រេងដោយខុសច្បាប់ នៅច្រកសមុទ្រហ័រមឹស (Hormuz)៕