(ញូដេលី)៖ មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម (CEBR) មានមូលដ្ឋាននៅចក្រភពអង់គ្លេសបានព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់អាល្លឺម៉ង់ ក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ «៤» នៅលើពិភពលោកជាមួយ GDP រហូតដល់ ៥ទ្រីលានដុល្លារនៅឆ្នាំ២០២៦។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ មជ្ឈមណ្ឌល CEBR ក៏បានបញ្ជាក់ដែរថា នៅត្រឹមឆ្នាំ២០៣៤ ឥណ្ឌាដែលជាប្រជាជាតិអាស៊ីខាងត្បូង នឹងដណ្ដើមតំណែងជាមហាអំណាចសេដ្ឋកិច្ចលេខ ៣ នៅលើពិភពលោកពីជប៉ុន ខណៈបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកជាមហាអំណាចសេដ្ឋកិច្ចលេខ ១, ចិនលេខ ២, ជប៉ុនលេខ ៣, អាល្លឺម៉ង់លេខ ៤, ឥណ្ឌាលេខ ៥, បារាំងលេខ ៦ និងអង់គ្លេសលេខ ៧។

គួរបញ្ជាក់ថា ឥណ្ឌាបានវ៉ាដាច់បារាំង និងអង់គ្លេស ដោយក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៥ នៅលើពិភពលោកនៅក្នុងឆ្នាំ២០១៩នេះ។ ប៉ុន្តែបើតាម CEBR ឥណ្ឌា អាល្លឺម៉ង់ និងជប៉ុននឹងបន្តប្រកួតប្រជែងគ្នា ដើម្បីតំណែងកៅអីជាមហាអំណាចសេដ្ឋកិច្ចលេខ ៣ នៅរយៈពេល ១៥ឆ្នាំខាងមុខនេះ៕