(តៃប៉ិ)៖ មន្រ្តីយោធាជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ត្រូវបានជួយសង្រ្គោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងមានដឹកមនុស្សសរុប ១៣នាក់ បានទម្លាក់ខ្លួនចុះចតយ៉ាងទាន់ហន់ នៅឯតំបន់ភាគខាងជើងកោះតៃវ៉ាន់ នាវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។

ឧទ្ធម្ភាគចក្រខាងលើជាប្រភេទឧទ្ធម្ភាគចក្រ UH-60M Black Hawk ហើយហេតុការណ៍នោះបានកើតឡើងនាវេលាម៉ោង ៩ ៖០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅតៃប៉ិ) នៅតំបន់ជួរភ្នំក្បែរទីក្រុងតៃប៉ិ ពេលកំពុងឆ្ពោះទៅកាន់ស្រុក យីឡាន (Yilan) ដែលនៅភាគឦសាន ក្នុងដំណើរបំពេញទស្សនកិច្ច និងចុះសួរសុខទុក្ខពលទាហាននៅទីនោះ។ មន្រ្តីយោធាជាន់ខ្ពស់ខាងលើគឺលោក ហ្សិន យីមីង (Shen Yi-ming) ដែលជាអនុរដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់។

គួរជម្រាបថា មូលហេតុនៃការទម្លាក់ខ្លួនចុះចតជាបន្ទាន់ដោយឧទ្ធម្ភាគចក្រនោះ មិនទាន់មានការបញ្ជាក់ច្បាស់ឡើយ។ នាពេលនេះមនុស្សចំនួន ១១នាក់ត្រូវបានជួយសង្រ្គោះរីឯ ០២នាក់ទៀតកំពុងបន្តបាត់ខ្លួន ខណៈប្រតិបត្តិការរុករកកំពុងតែបន្តប្រព្រឹត្តទៅ៕