(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានសម្តែងក្តីបារម្ភរបស់លោក និងបានទទូចកូរ៉េខាងជើងកុំឲ្យបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងសាជាថ្មីឡើងវិញ បន្ទាប់ពី លោក គីម ជុងអ៊ុន ចង់ធ្វើយ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។

លោក Stephane Dujarric ដែលជាអ្នកនាំពាក្យលោក Guterres បាននិយាយដូច្នេះថា «លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានកើតក្តីបារម្ភជាខ្លាំង ដោយសារតែសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់កូរ៉េខាងជើង ដែលឲ្យសញ្ញាពីការចង់បញ្ចប់ការផ្អាកសកម្មភាពនៃ ការធ្វើអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងឆ្លងទ្វីប»។ បើតាមលោក Dujarric លោក Antonio Guterres សង្ឃឹមថា ការធ្វើតេស្តអាវុធទាំងនេះនឹងមិន បន្តឡើងវិញទៅចុះ ហើយលោកនៅតែគាំទ្រចំពោះកិច្ចចរចាដែលសំដៅឈានទៅរករំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ហើយសង្ឃឹមថាវានឹងរួចផុតពីការជាប់គាំង។

កាលពីថ្ងៃពុធសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា ប្រមុខដឹកនាំកូរ៉េខាងជើងគឺ លោក គីម ជុងអ៊ុន បានបង្ហាញ តំរុយថាប្រទេសលោកលែងចង់គោរពនូវគោលការណ៍ដែលខ្លួនឯងបានដាក់ នោះគឺការផ្អាកសកម្មភាពធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ និង មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយទៀតហើយ។ លោក គីម បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងសុខចិត្តបញ្ឈប់ជាបណ្តោះអាសន្ននូវការសាកល្បង អាវុធទាំងនេះ ដើម្បីព្យាយាមកសាងទំនុកចិត្តជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេល០២ឆ្នាំចុងក្រោយនេះ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានត្រឹមឆ្លើយតប មកវិញ តាមរយៈការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងការដាក់ទណ្ឌកម្មបន្ថែម៕