(ញូដេលី)៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO នៅដើមឆ្នាំថ្មីនេះបានបញ្ជាក់ច្បាស់ៗថា ខ្លួននឹងធ្វើការព្យាយាមម្តងទៀត ដើម្បីបញ្ជូនយានទៅចុះចតនៅលើផ្ទៃព្រះច័ន្ទ ឲ្យបានជោគជ័យ ទោះបីជាខ្លួនទើបទទួលបរាជ័យកាលពីឆ្នាំមុនក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយពីវែបសាយព័ត៌មាន Space News នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០។

កាលពីថ្ងៃពុធសប្តាហ៍នេះប្រធានទីភ្នាក់ងារឥណ្ឌា ISRO លោក ខៃឡាសាវ៉ាឌីវូ ស៊ីវ៉ាន់ (Kailasavadivoo Sivan) បានប្រកាសថា បេសកកម្មចន្ទ្រាយាន ៣ (Chandrayaan-3) ព្រមទាំងបេសកម្មបញ្ជូនមនុស្សឡើងទីអវកាស ហ្គាហ្គាន់យាន (Gaganyaan) នឹងស្ថិតក្នុងចំណោមអាទិភាពចម្បងៗគេ របស់ទីភ្នាក់ងារលោកនៅក្នុងឆ្នាំ២០២០នេះ ប៉ុន្តែពួកវានឹងមិនទាន់អាចកើតឡើង ពោលគឺចេញដំណើរបាននៅក្នុងឆ្នាំនេះតែម្តងឡើយ។ លោក Sivan បានគូសបញ្ជាក់ថា នៅឆ្នាំថ្មីនេះនឹងជាឆ្នាំដែលទីភ្នាក់ងារ ISRO ផ្តោតសំខាន់ទៅលើបេសកកម្ម Chandrayaan-3 និង Gaganyaan។

គួរជម្រាបថា បេសកកម្ម Chandrayaan-3 នឹងក្លាយជាបេសកកម្មលើកទីពីររបស់ប្រទេសឥណ្ឌា ក្នុងការប៉ុនប៉ងឆ្ពោះទៅជាន់លើដីព្រះច័ន្ទ ក្រោយការទទួលបរាជ័យនៃបេសកកម្ម Chandrayaan-2 កាលពីខែកញ្ញា ឆ្នាំ២០១៩។ បេសកកម្ម Chandrayaan-2 ត្រូវបានបញ្ជូនចេញពីផែនដី ហើយចូលដល់គន្លងព្រះច័ន្ទដោយជ័យ ប៉ុន្តែយានសម្រាប់ចុះចតឈ្មោះថា វីក្រាម (Vikram) មិនអាចចុះចតលើផ្ទៃព្រះច័ន្ទដូចការរំពឹងទុកឡើយ ខណៈផ្កាយរណបរបស់បេសកកម្មនោះ កំពុងបន្តធ្វើប្រតិបត្តិការជាធម្មតានៅជុំវិញព្រះច័ន្ទ។

សម្រាប់បេសកកម្ម Chandrayaan-3 នឹងមិនមានផ្កាយរណបឡើយ គឺមានត្រឹមតែយានសម្រាប់ចុះចត (Lander) និងយានសម្រាប់ចល័ត (Rover) ប៉ុណ្ណោះ ដែលនេះទំនងជាឥណ្ឌាមានផ្កាយរណប Chandrayaan-2 នៅទីនោះស្រាប់ទៅហើយ។ បើតាមលោក Sivan គម្រោងបេសកកម្ម Chandrayaan-3 នឹងត្រូវចំណាយថវិកាខ្ទង់ ៨៦លានដុល្លារ តិចជាងបេសកកម្ម Chandrayaan-2 ដែលត្រូវចំណាយ ១៣៦លានដុល្លារ។ រីឯកាលបរិច្ឆេទសម្រាប់ចេញបេសកកម្មនេះ នៅមិនទាន់មានការបញ្ជាក់ ឬកំណត់ច្បាស់នៅឡើយទេ៕