(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា មិនមានការប្រែប្រួលអ្វីឡើយ ចំពោះគោលជំហររបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនដោយភាគីទាំងពីរ នឹងបន្តធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ក្រោមលក្ខខណ្ឌកែសម្រួលឱ្យសមស្របទៅស្ថានភាព ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោកស្រី ឆយ យុនសូ (Choi Hyun-soo) បានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងត្រូវធ្វើឡើងក្រោមលក្ខខណ្ឌ នៃការកែសម្រួលទៅតាមស្ថានភាពជាក់ស្ដែង និងក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងសម្ព័ន្ធមិត្តទាំងពីរ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

ប៉ុន្តែនៅពេលត្រូវបានគេសួរថា តើកូរ៉េខាងត្បូង និងអាមេរិក នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឡើងវិញដែរ ឬទេ? លោកស្រី Choi មិនបានបញ្ជាក់អ្វីលម្អិតនោះទេ ដោយគ្រាន់តែនិយាយថា វាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង។

គួរជម្រាបថា លោក គីម ជុងអ៊ុន កាលពីថ្ងៃពុធម្សិលមិញបានព្រមានថា កូរ៉េខាងជើងនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ក៏ដូចជានឹងអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មីៗ ដើម្បីការពារជាតិសន្ដិសុខជាតិ រហូតដល់សហរដ្ឋអាមេរិក បោះបង់ចោលគោលនយោបាយអរិភាព ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ លើសពីនេះទៅទៀត មេដឹកនាំកំពូលរូបនេះក៏បានសង្កត់ធ្ងន់ដែរថា ស្ថានភាពនៅលើឧបទ្វីបកូរ៉េគឺអាស្រ័យលើឥរិយាបថ និងសកម្មភាពរបស់សហរដ្ឋអាមេរិក នៅពេលអនាគត៕