(ញូយ៉ក)៖ ទីផ្សារហិរញ្ញវត្ថុពិភពលោកបានអបអរសាទ ចំពោះព័ត៌មានដែលចេញផ្សាយថា សហរដ្ឋអាមេរិក និងប្រទេសចិនបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម តំណាក់កាលទីមួយដើម្បីបញ្ចប់ជម្លោះ ឬសង្រ្គាមពាណិជ្ជកម្មនៅពេលអនាគត។ លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅក្នុងខែមករានេះ។ ប៉ុន្តែអ្នកជំនាញមួយចំនួនដូចជា លោក ណួរៀល រួប៊ីនី (Nouriel Roubini) យល់ថា អ្វីដែលចិនចង់បានបំផុតនៅពេលនេះ គឺលោក ដូណាល់ ត្រាំ ពោលគឺមានលោក ត្រាំ កាន់អំណាចជាប្រធានាធិបតីអាមេរិក ទើបចិនអាចមានភាពអស្ចារ្យជាថ្មីម្ដងទៀត (China Great Again)។

បើតាមលោក Nouriel Roubini ដែលជាសាស្ត្រាចារ្យសេដ្ឋកិច្ចម្នាក់ មកពីសាលាពាណិជ្ជកម្ម ស្ទឺន (Stern School of Business) នៃសាកលវិទ្យាល័យញូយ៉ក (New York University) សហរដ្ឋអាមេរិក និងប្រទេសចិនពិបាកនឹងជៀសផុតពីជម្លោះរវាងគ្នាណាស់ មិនថាជាជម្លោះពាណិជ្ជកម្ម ឬជាជម្លោះប្រដាប់អាវុធនៅពេលអនាគត។ ជាក់ស្ដែងនៅក្នុងរបាយការណ៍យុទ្ធសាស្ត្រសន្តិសុខជាតិ នៃសេតវិមានអាមេរិកកាលពីឆ្នាំ២០១៧ និងយុទ្ធសាស្ត្រការពារជាតិឆ្នាំ២០១៨ ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកចិន ជាគូប្រជែងយុទ្ធសាស្ត្រដ៏ធំរបស់ខ្លួន ដែលតម្រូវឱ្យមហាអំណាចលេខ ១ លើលោកមួយនេះ យកចិត្តទុកដាក់ចំពោះការកើនឡើង នៃឥទ្ធិពលចិននៅលើពិភពលោក។

មិនតែប៉ុណ្ណោះ ដោយសារតែសង្រ្គាមពាណិជ្ជកម្ម អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ខេវិន រ៉ាដ់ (Kevin Rudd) ក៏ធ្លាប់បានលើកឡើងផងដែរថា ចិន និងអាមេរិកកំពុងស្ថិតនៅក្នុងយុគសង្រ្គាមត្រជាក់ ហើយលោក Roubini ក៏បានព្យាករណ៍ដូចគ្នាដែរថា សង្រ្គាមត្រជាក់នេះអាចនឹងផ្ទុះទៅជាសង្រ្គាមក្ដៅក៏ថាបាន ខណៈមហាអំណាចទាំងពីរ កំពុងប្រឈមមុខនឹងដាក់គ្នាលើបញ្ហាជាច្រើនដូចជា ហុងកុង សមុទ្រចិនខាងត្បូង កូរ៉េខាងជើង សមុទ្រចិនខាងកើត និងតៃវ៉ាន់ជាដើម។

លោក Roubini បន្ថែមទៀតថា ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ជិតមួយអាណត្តិមកនេះ សហរដ្ឋអាមេរិកមានជម្លោះ និងភាពរកាំរកូសជាច្រើន ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសក្រោយលោក ប្រកាសដាក់ចេញនូវគោលនយោបាយមួយចំនួន ដែលមានលក្ខណៈឯកតោភាគី គិតតែប្រយោជន៍អាមេរិក ដែលធ្វើឱ្យប្រទេសជាច្រើនកើតទុកមិនសុខចិត្ត។

ដូច្នេះផ្អែកលើភាពរកាំរកូសទាំងនេះ ចិនទំនងជាចង់ឱ្យលោក ត្រាំ ជាប់ឆ្នោតជាថ្មីនៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះដ្បិតបើលោក ត្រាំ បន្តកាន់អំណាចនោះលោកនឹង «ធ្វើឱ្យចិនអស្ចារ្យម្ដងទៀត» ដោយសារតែទីក្រុងប៉េកាំង អាចប្រើប្រាស់ឱកាសនេះដើម្បីឆ្លៀតបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលកំពុងមើលមុខគ្នាមិនចំជាមួយអាមេរិក។ និយាយឱ្យងាយស្ដាប់ បើមានលោក ដូណាល់ ត្រាំ គឺអាមេរិកនៅតែដើរឈ្លោះជាមួយគេឯង រីឯចិនវិញនឹងចាំទាញយកប្រយោជន៍។ នេះបើតាមការគូសបញ្ជាក់ពីលោក Roubini។

គួរជម្រាបថា ព្រឹទ្ធសភាអាមេរិកនឹងបើកសវនាកាមួយនៅក្នុងខែមករានេះ (បើគ្មានអ្វីប្រែប្រួល) ជុំវិញនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ដែលត្រូវ បានសភាតំណាងរាស្ត្រអនុម័តកាលពីខែធ្នូ ឆ្នាំ២០១៩ ហើយជោគវាសនានយោបាយ និងតំណែងជាប្រធានាធិបតីអាមេរិករបស់លោក នឹងត្រូវកំណត់នៅត្រឹមព្រឹទ្ធសភា ដែលនឹងសម្រេចចិត្តថា តើគួរតែដកលោក ដូណាល់ ត្រាំ ពីតំណែងដែរ ឬក៏យ៉ាងណានោះ៕

ប្រភព៖ CNA (ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២០)