(បាកដាដ)៖ គ្រាប់រ៉ុក្កែតចំនួនបីគ្រាប់ត្រូវបានផ្លោង និងធ្លាក់ចំបរិវេននៃអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ នៅក្នុងពេលទាបភ្លឺឈានចូល ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០ (ម៉ោងនៅទីក្រុងបាកដាដ) ដោយក្នុងនោះបានបណ្តាលឲ្យមនុស្ស ០៨នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃសុក្រនេះ។

មន្ត្រីសន្តិសុខប្រចាំអាកាសយានដ្ឋានខាងលើនេះបានបញ្ជាក់ថា គ្រាប់រ៉ុក្កែតបីគ្រាប់បានវាយប្រហារអាកាសយានដ្ឋាន ក្នុងនោះបានបណ្តាលឲ្យរថយន្ត ចំនួនពីរគ្រឿងត្រូវផ្ទុះឆេះ និងមនុស្សយ៉ាងហោចណាស់ ០៨នាក់ស្លាប់ ប៉ុន្តែមិនទាន់មានការបញ្ជាក់អំពីចំនួនអ្នករងរបួសឡើយ។

គួរបញ្ជាក់ថា សន្តិសុខនៅក្នុងទីក្រុងបាកដាដត្រូវបានរឹតបន្តឹង ចាប់តាំងតែពីការផ្ទុះបាតុកម្ម កាលពីចុងឆ្នាំ២០១៩ និងការអុកឡុកស្ថានទូតអាមេរិកកាលពីប៉ុន្មានថ្ងៃមុននេះ។ ដោយឡែកមិនទាន់មានការក្រុមណាមួយ ចេញមុខទទួលខុសត្រូវចំពោះ ការវាយប្រហារខាងលើនេះនៅឡើយទេ៕