(សិង្ហបុរី)៖ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានឡើងថ្លៃច្រើនជាង ១ដុល្លារអាមេរិក បន្ថែមទៀតនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកឧត្ដមសេនីយ៍ Qassem Soleimani ដែលជាប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។

ប្រេងឆៅអឺរ៉ុបប្រភេទ Brent មានតម្លៃ ៦៧.៤៨ដុល្លារក្នុងមួយបារ៉ែល ដោយហក់ឡើងថ្លៃ ១.២៣ដុល្លារ ឬ ១.៨៦ភាគរយបន្ថែមទៀត ខណៈប្រេងឆៅអាមេរិក WTI ហក់ឡើងថ្លៃ ១.០៣ដុល្លារ ឬ ១.៦៨ភាគរយបន្ថែម ជាមួយតម្លៃ ៦២.២១ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯក្រុមអ្នកជំនាញក៏បានព្រមានដែរថា តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក អាចនឹងបន្តឡើងថ្លៃ ដោយសារតែភាពតានតឹងបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។

គួរជម្រាបថា ឧត្ដមសេនីយ៍លោក Qassem Soleimani ដែលជាប្រមុខកងអង្គភាព Quds Force នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង រួមជាមួយមនុស្ស ០៦នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងលោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការនៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ ត្រូវបានគេអះអាងថា បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងទីក្រុងបាកដាដ នៅថ្ងៃសុក្រនេះ។ ប៉ុន្តែអ៊ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕