(ស៊ីដនី)៖ កងទ័ពជើងទឹកអូស្រ្តាលីនាថ្ងៃសុក្រនេះ បានចាប់ផ្តើមការជម្លៀសខ្លួនមនុស្សរាប់ពាន់នាក់ ដែលកំពុងជាប់នៅឆ្នេរមួយកន្លែងនៃរដ្ឋ វិចតូរៀ (Victoria) ភាគខាងកើតប្រទេស ស្របពេលដែលការកើនឡើងខ្លាំងនៃសីតុណ្ហភាពត្រូវគេរំពឹងថា នឹងធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃនៅរដ្ឋនេះ ព្រមទាំងរដ្ឋ ញូសោតវែលស៍ (New South Wales ឬ NSW) កាន់តែរីករាលដាលខ្លាំងថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នា២០២០។

នាវាយោធា HMAS ឈួលស៍ (HMAS Choules) និងសាយខេម័រ (Sycamore) របស់ទ័ពជើងទឹកអូស្រ្តាលី បានចាប់ផ្តើមការជម្លៀសខ្លួនមនុស្សជិត១,០០០នាក់ ក្នុងចំណោមប្រជាជនអូស្រ្តាលីសរុប៤,០០០នាក់ ដែលបាននិងកំពុងជាប់នៅលើឆ្នេរសមុទ្រមួយកន្លែងក្នុងក្រុង ម៉ាលឡាខូអូតា (Mallacoota) នៅចុងភាគខាងកើតនៃរដ្ឋ Victoria។ តំបន់ឆ្នេរនោះត្រូវបានឡោមព័ទ្ធដោយភ្លើងឆេះព្រៃ ដែលបានកាត់ផ្តាច់ផ្លូវទាំងអស់ ដូច្នេះហើយមានតែការជម្លៀសតាមផ្លូវទឹក ឬសណ្តោងតាមឧទ្ធម្ភាគចក្រប៉ុណ្ណោះ ដែលអាចប្រព្រឹត្តទៅបាន។

គួរជម្រាបថា មហន្តរាយភ្លើងឆេះជាច្រើនខែមកនេះនៅភាគខាងកើតអូស្រ្តាលី បានដុតបំផ្លាញផ្ទៃដីជាង ៤លានហិកតា និងលំនៅឋានសរុបច្រើនជាង១,០០០ខ្នង។ ហើយម៉្យាងវិញទៀតក៏មានមនុស្សបាត់បង់ជីវិតផងដែរ ដោយក្នុងសប្តាហ៍នេះមនុស្ស១០នាក់បានស្លាប់ ដោយក្នុងនោះមាន ០៨នាក់នៅរដ្ឋ NSW និង០២នាក់នៅរដ្ឋ Victoria ជាទីដែលមនុស្ស ២៨នាក់ទៀតកំពុងបាត់ខ្លួន។ សរុបមកមនុស្សប្រមាណជា ២០នាក់ហើយបានបាត់បង់ជីវិត ដោយសារតែមហន្តរាយភ្លើងឆេះព្រៃ នៅក្នុងប្រទេសអូស្រ្តាលី៕