(វ៉ាស៊ីនតោន)៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិក ការវាយប្រហារតាមផ្លូវអាកាស នៅឯអាកាសយានដ្ឋានអន្តរជាតិនៃ ទីក្រុងបាកដាដ គឺមានគោលដៅសម្លាប់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលជាមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់តែម្តង ហើយធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ច្បាស់ដូច្នេះថា «តបតាមបញ្ជាដោយផ្ទាល់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ យោធាអាមេរិកបានដឹកនាំសកម្មភាពការពារកងទ័ពអាមេរិកនៅបរទេស ដោយបានសម្លាប់មេបញ្ជាការអ៊ីរ៉ង់ Qasem Soleimani។ ការវាយប្រហារនេះ គឺមានគោលបំណងបង្រ្កាបផែនការវាយប្រហារនានា របស់អ៊ីរ៉ង់មកលើកងទ័ពអាមេរិក ហើយមិនតែប៉ុណ្ណោះសហរដ្ឋអាមេរិក នឹងបន្តចាត់រាល់វិធានការចាំបាច់ ដើម្បីការពារប្រជាជនរបស់យើង និងផលប្រយោជន៍អាមេរិក មិនថានៅទីណានោះទេនៅលើពីភពលោក»

ជុំវិញព័ត៌មានមរណភាពរបស់លោក Soleimani កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានទទួលស្គាល់ថា ដំណឹងនេះគឺជាការពិតមែន និងបានព្រមានចាត់វិធានការសងសឹកសហរដ្ឋអាមេរិកវិញ។ លោក Qassem Soleimani ដែលមានតួនាទីជាប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានស្លាប់ រួមជាមួយមនុស្ស ០៦នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងលោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការ នៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាការសម្លាប់លោក Qasem Soleimani របស់សហរដ្ឋអាមេរិក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ ចោទប្រកាន់ថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារ និងបាតុកម្មបំផ្លាញស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។ ភ្លាមៗក្រោយលេចដំណឹងនៃការស្លាប់របស់លោក Soleimani លោក ត្រាំ បានបង្ហោះរូបភាពទង់ជាតិអាមេរិកនៅលើបណ្តាញ Twitter ដោយពុំមានសរសេរអ្វីទាំងអស់។

ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្ទុះឡើងកាន់តែខ្លាំង នៅក្រោយការដកខ្លួន របស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ ហើយបានបើកផ្លូវឲ្យមានការដាក់ទណ្ឌកម្ម លើទីក្រុងតេហេរ៉ង់ឡើងវិញជាបន្តបន្ទាប់។ កាលពីកំឡុងឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានសម្រេចបញ្ជូននាវាដឹកយន្តហោះចម្បាំង និងកងទ័ពបន្ថែមទៀតនៅតំបន់មជ្ឈិមបូព៌ា ស្ថិតនៅក្នុងគោលដៅ ការពារសម្ព័ន្ធមិត្តរបស់ខ្លួន ពីការវាយប្រហាររបស់អ៊ីរ៉ង់ ប៉ុន្តែក្រោយមកយន្តហោះដ្រូន តម្លៃរាប់លានដុល្លាររបស់អាមេរិកមួយគ្រឿង ត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់ទម្លាក់នៅច្រកសមុទ្រហ័រមឹស (Hormuz)៕