(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Josh Hawley បាននិយាយថាលោកនឹងធ្វើបទបង្ហាញពីវិធានការច្បាប់ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីលុបចោលនូវមាត្រាចោទប្រកាន់ ឬនីតិវិធីដកតំណែងលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីព្រោះ សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ បានពន្យារពេលបញ្ជូនមាត្រាទាំងនេះមកកាន់ព្រឹទ្ធសភា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។

សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានដំណើរការនីតិវិធីដកតំណែងប្រឆាំងលោក ត្រាំ មុនថ្ងៃបុណ្យណូអែល ប៉ុន្តែលោកស្រី Nancy Pelosi បានពន្យារពេលបញ្ជូនមាត្រាចោទប្រកាន់មកឱ្យព្រឹទ្ធសភា ដោយសារតែមិនជឿជាក់ថាពួកគេអាចនឹងទទួលបានសវនាកាដ៏យុត្តិធម៌មួយ នៅក្នុងព្រឹទ្ធសភា។ លោក Hawley បានគូសបញ្ជាក់ដូច្នេះថា៖ «ក្រុមអ្នកប្រជាធិបតេយ្យ បាននិយាយថាការនីតិវិធីដកតំណែងលោក ត្រាំគឺជារឿងបន្ទាន់ ប៉ុន្តែឥលូវ ពួកគេមិចង់បានសវការ ដោយសារតែគ្មានភស្តុតាង...ដូច្នេះនៅថ្ងៃចន្ទសប្ដាហ៍នេះ ខ្ញុំនឹងធ្វើបទបង្ហាញពីវិធានការច្បាប់ដើម្បីលុបចោលការចោទ ប្រកាន់ប្រឆាំងលោក ត្រាំ ដោយសំអាងលើមិនមាននីតិវិធច្បាប់ពេញលេញ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ សភាតំណាងរាស្ត្របានបោះឆ្នោតដកតំណែងលោក ដូណាល់ ត្រាំ ជាផ្លូវការ ដោយចោទថាលោកបានរំលោភ អំណាច និងធ្វើឱ្យរារាំងស្ទះដល់កិច្ចការស៊ើបអង្កេតរបស់សភា ពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកបានព្រមានកាត់បន្ថយជំនួយយោធា ដើម្បីបង្ខំឱ្យ អ៊ុយក្រែន បើកការស៊ើបអង្កេតពីបទអំពើពុករលួយប្រឆាំងលោក Joe Biden ដែលជាគូប្រជែងដណើ្ដមតំណែងប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ប៉ុន្តែលោក ត្រាំ បានទាត់ចោលរាល់ការចោទប្រកាន់ ខណៈសវនាកាជុំវិញសំណុំរឿងនេះ ត្រូវបានគេ រំពឹងថានឹងធ្វើឡើងនៅព្រឹទ្ធសភាអាមេរិក នៅខែមករានេះ៕