(អាមេរិក)៖ ក្នុងឱកាសឆ្នាំថ្មី ក៏ដូចជាទសវត្សរ៍ថ្មីនេះ អវកាសយានិករបស់ទីភ្នាក់ងារអវកាសអាមេរិក NASA គឺលោកស្រី Christina Koch បានបង្ហោះរូបភាពយ៉ាងពិសេសមួយនៃព្រះច័ន្ទ ដែលជាទីអង្គការ NASA នឹងបញ្ជូនមនុស្សឲ្យទៅជាន់ជាថ្មីម្តងទៀត ក្នុងទសវត្សរ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។

លោកស្រី Koch នាពេលថ្មីៗនេះទើបតែបានបំបែកកំណត់ត្រាជាស្រ្តី ដែលបំពេញបេសកកម្មមានរយៈពេលយូរជាងគេក្នុងទីអវកាស ហើយ បច្ចុប្បន្នលោកស្រីកំពុងតែស្ថិតនៅស្ថានីយអវកាសអន្តរជាតិ ISS នៅឡើយទេ។ ដើម្បីអបអរឆ្នាំថ្មី ហើយចំពេលដែលខ្លួនកំពុងបន្តស្នាក់នៅ ក្នុងស្ថានីយ ISS លោកស្រីបានឆ្លៀតឱកាសផ្តិតយករូបភាពដ៏ស្រស់ស្អាតមួយនៃព្រះច័ន្ទ ហើយបង្ហោះលើបណ្តាញសង្គម Twitter កាលពី យប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយការរំលឹកថា ទសវត្សរ៍ថ្មីនេះគឺជាទសវត្សរ៍ដែលមនុស្សលោកយើង នឹងវិលត្រឡប់ទៅកាន់ព្រះច័ន្ទជា ថ្មីម្តងទៀត។

នៅក្រោមកម្មវិធីឈ្មោះថា Artemis ទីភ្នាក់ងារអវកាស NASA បានកំណត់គោលដៅថា នឹងនាំយកអវកាសយានិកឲ្យទៅដល់លើផ្ទៃព្រះច័ន្ទ សាជាថ្មីឡើងវិញនៅឆ្នាំ២០២៤ ហើយលើកនេះនឹងមានស្រ្តីផងដែរ មិនមែនដូចកាលពីប៉ុន្មានទសវត្សរ៍មុន ដែលមានតែបុរសសុទ្ធឡើយ។ លោកស្រី Koch ស្ថិតក្នុងចំណោមស្រ្តីជាអវកាសយានិកទាំង១៧នាក់ ដែលអាចត្រូវជ្រើសរើសសម្រាប់បេសកកម្មនៃក្រុមអវកាសយានិក ដំបូងគេ ដែលទៅជាន់ផ្ទៃព្រះច័ន្ទក្រោមកម្មវិធី Artemis។ លើកចុងក្រោយបំផុតដែល NASA បានបញ្ជូនអវកាសយានិកឲ្យទៅកាន់ទីនោះ គឺកាលពីឆ្នាំ១៩៧២ តាមរយៈបេសកកម្ម Apollo 17។

គួរជម្រាបថា នៅក្រោមកម្មវិធីខាងលើ អង្គការ NASA ក៏នឹងធ្វើការជាមួយដៃគូដទៃទៀត ដើម្បីអភិវឌ្ឍស្ថានីយច្រកផ្លូវ Lunar Orbital Platform-Gateway ដែលគោចរជុំវិញព្រះច័ន្ទ រួមជាមួយរ៉ុក្កែតដ៏ធំសម្បើមហៅថា Space Launch System (SLS) និងយានអវកាសឈ្មោះ Orion ដែលអាចដឹកអវកាសយានិកបាន៤នាក់ ឆ្ពោះទៅកាន់គោលដៅដូចជាព្រះច័ន្ទ ឬសូម្បីតែភពអង្គារ (Mars)៕