(បាកដាដ)៖ ស្ថានទូតរបស់សហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានីបាកដាដ បានចេញសារទទូចឲ្យពលរដ្ឋអាមេរិកទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ឲ្យនាំគ្នារួសរាន់ធ្វើដំណើរចាកចេញពីអ៊ីរ៉ាក់ជាបន្ទាន់ ការព្រួយបារម្ភថា អាចមានបញ្ហាធំកើតឡើង ក្រោយយោធាអាមេរិកបានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាស ដែលបានផ្តាច់ជីវិតមេទ័ពកំពូលរបស់អ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០។

ស្ថានទូតអាមេរិកប្រចាំនៅអ៊ីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ពលរដ្ឋអាមេរិកទាំងអស់គួរតែចាកចេញពីប្រទេសអ៊ីរ៉ាក់ តាមជើងយន្តហោះបើអាចធ្វើទៅបាន ហើយបើមិនអាចទេនោះ គឺគួរចាកចេញទៅកាន់ប្រទេសដទៃទៀត តាមផ្លូវគោកក៏បាន»។ ខណៈការវាយប្រហាររបស់អាមេរិកបានកើតឡើង នៅក្បែរអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដក៏ដោយ ព្រលានយន្តហោះនោះទំនងជានៅបន្ត បើកដំណើរការជាធម្មតាដដែល។

គួរជម្រាបថា នាថ្ងៃសុក្រក្រសួងការពារជាតិអាមេរិកបានប្រកាសថា យោធាអាមេរិកក្រោមការបញ្ជាដោយផ្ទាល់ពីលោក ដូណាល់ ត្រាំ បានដឹកនាំប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសមួយ នៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលមានគោលដៅផ្តាច់ជីវិតមេទ័ពកំពូលអ៊ីរ៉ង់ម្នាក់ គឺលោក កាស្សេម សូឡៃមេនី (Qassem Soleimani) ហើយប្រតិបត្តិការនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅក្បែរព្រលានយន្តហោះអន្តរជាតិនៃទីក្រុងបាកដាដ ដោយលោក Soleimani ត្រូវបានសម្លាប់ជាមួយមនុស្សចំនួនទៀតរួមមានទាំងលោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការនៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ផងដែរ។

ទង្វើនេះបានធ្វើឲ្យអ៊ីរ៉ង់មានប្រតិកម្មធ្ងន់ៗ និងបានព្រមានសងសឹកឲ្យ ចាស់ដៃវិញលើទីក្រុងវ៉ាស៊ីនតោន៕