(បាកដាដ)៖ ស្ថានីយទូរទស្សន៍អ៊ីរ៉ាក់បានរាយការណ៍ថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារ តាមផ្លូវអាកាសថ្មីមួយទៀត ដោយមានគោលដៅលើមេបញ្ជាការម្នាក់នៃកងជីវពល ហាហ្សេដ អាល់ហ្សាអាប៊ី (Hashed al-Shaabi) ក្នុងប្រទេសអ៊ីរ៉ាក់ នៅព្រឹកថ្ងៃសៅរ៍នេះ ដែលវាបានកើតឡើងមួយថ្ងៃបន្ទាប់ពី យន្ដហោះដ្រូនអាមេរិកបានផ្ដាច់ជីវិត មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani)។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។

យោងតាមស្ថានីយទូរទស្សន៍អ៊ីរ៉ាក់ ការវាយប្រហារតាមផ្លូវអាកាសនេះ មានគោលដៅលើក្បួនរថយន្ដមួយ នៅឯភាគខាងជើងរដ្ឋធានីបាកដាដ ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីឈ្មោះមេបញ្ជាការកងជីវពល Hashed al-Shaabi នោះទេ ដោយគ្រាន់តែបង្ហើបឱ្យដឹងថា ការវាយប្រហារនេះបានបណ្ដាលឱ្យ មនុស្សមួយចំនួនស្លាប់ និងរងរបួស។

មន្ត្រីមកពីមន្ទីរបញ្ចកោណម្នាក់ក៏បានអះអាងដែរថា កងទ័ពអាមេរិកពី ៣,០០០នាក់ ដល់ ៣,៥០០នាក់ មកពីកងអង្គភាពទ័ពអាកាសទី ៨២ នៃកងកម្លាំងឆ្លើយតបសកល (Global Response Force) នឹងត្រូវបញ្ជូនទៅកាន់ប្រទេសគុយវែត ខណៈកងទ័ពអាមេរិក ៥,២០០នាក់ កំពុងឈរជើងនៅអ៊ីរ៉ាក់ស្រាប់។ ប៉ុន្តែបច្ចុប្បន្នអ្នកនយោបាយអ៊ីរ៉ាក់ ដែលស្និទ្ធនឹងអ៊ីរ៉ង់ កំពុងជំរុញឱ្យរដ្ឋាភិបាលទីក្រុងបាកដាដ បណ្ដេញកងទ័ពអាមេរិកចេញពីប្រទេសដោយសំអាងថា វត្តមានកងទ័ពបរទេស គឺជាការគំរាមកំហែងដល់បូរណភាព និងអធិបតេយ្យភាពអ៊ីរ៉ាក់៕