(លីប៊ី)៖ លោកឧត្តមសេនីយ៍ ខាលីហ្វា ហាហ្វតា (Khalifa Haftar) ដែលជាមេដឹកនាំរដ្ឋាភិបាលលីប៊ីភាគខាងកើត ឬកងទ័ពជាតិលីប៊ី (LNA) បានប្រកូកប្រកាសឱ្យប្រជាជនលីប៊ីទាំងប្រុស ទាំងស្រី ព្រមទាំងអ្នកគំាទ្រខ្លួនអស់ក្រោកឈរឡើងកាន់អាវុធ និងត្រៀមខ្លួនដើម្បីធ្វើសង្រ្គាមប្រឆាំងកងទ័ពបរទេស បន្ទាប់ពីសភាតួកគី អនុម័តលើសំណើសុំបញ្ជូនកងទ័ពរបស់លោកប្រធានាធិបតី អឺដូហ្គាន់ មកកាន់ប្រទេសអាហ្រ្វិកខាងជើងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។

លោក Haftar ធ្វើការអំពាវនាវខាងលើនៅក្នុងសុន្ទរកថាមួយ តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ស្ថិតក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ បានគូសបញ្ជាក់ដូច្នេះថា « ថ្ងៃនេះ! យើងសូមប្រកាសធ្វើជីហាដ (សង្គ្រាមដើម្បីព្រះ) និងអំពាវនាវប្រជាជនប្រុសស្រីទាំងអស់ ក្រោកឈរឡើងកាន់អាវុធគ្រប់ៗដៃ... ដើម្បីត្រៀមខ្លួនតស៊ូប្រយុទ្ធប្រឆាំង និងបណ្ដាញកងទ័ពបរទេសឈ្លានពាន»

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ សភាតួកគីបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ៣២៥ ទល់នឹង ១៨៤សំឡេង លើសំណើនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី តាយយីព អឺដូហ្គាន់ ក្នុងការបញ្ជូនកងទ័ពទៅកាន់ប្រទេសលីប៊ី ដើម្បីគាំទ្ររដ្ឋាភិបាលលីប៊ីភាគខាងលិច គាំទ្រដោយអង្គការសហប្រជាជាតិ (UN) ដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី។

បន្ថែមពីលើនេះ លោក អឺដូហ្គាន់ ក៏បានបញ្ជាក់ដែរថា នៅក្នុងករណីចំបាច់ កងទ័ពតួកគីនឹងប្រើប្រាស់កម្លាំងបាយ ដើម្បីការពាររដ្ឋបាលទ្រីប៉ូលី ដែលបានស្នើសុំជំនួយយោធាពីទីក្រុងអង់ការ៉ា ខណៈកំពុងរងការវាយលុកយ៉ាងសន្ធាប់ ពីសំណាក់កងទ័ពលីប៊ីភាគខាងកើត។ ទោះបីជាបែបនេះក្តី ក្រុមអ្នកជំនាញជាច្រើន បានបង្ហាញការព្រួយបារម្ភថា ការលូកដៃរបស់តួកគីចូលក្នុងជម្លោះលីប៊ី អាចនឹងបង្កភាពតានតឹងយ៉ាងខ្លាំងជាមួយ ប្រទេសអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ី ដែលសុទ្ធសឹងតែជាអ្នកគាំទ្រ និងទំនុកបម្រុងរដ្ឋាភិបាលលីប៊ីភាគខាងកើតរបស់លោកឧត្តមសេនីយ៍ Khalifa Haftar៕