(ហាណូយ)៖ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរបស់រដ្ឋាភិបាលវៀតណាម EVN ទើបតែបានចុះកិច្ចព្រមព្រៀងដើម្បីទិញថាមពលអគ្គិសនី ក្នុងទំហំប្រមាណ១.៥ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) ក្នុងមួយឆ្នាំពីប្រទេសឡាវ សម្រាប់រយៈពេលសរុប២ឆ្នាំ ដែលនឹងចាប់ផ្តើមពី ឆ្នាំក្រោយទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នារថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន EVN បានចុះកិច្ចព្រមព្រៀងថ្មីចំនួន៥ នៅឯទីក្រុងហាណូយ ជាមួយក្រុមហ៊ុន ឡាវចំនួនពីរគឺ Phongsubthavy និង Chealun Sekong។ នៅក្រោមកិច្ចព្រមព្រៀងទាំងនោះ ក្រុមហ៊ុន EVN នឹងទិញថាមពល អគ្គិសនីពីទំនប់វារីអគ្គិសនីចំនួន៥ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឡាវទាំងពីរ នៅឆ្នាំ២០២១ និងឆ្នាំ២០២២។

គួរជម្រាបថា ការទិញថាមពលអគ្គិសនីពីបរទេសនេះ ត្រូវបានរដ្ឋាភិបាលវៀតណាមអនុញ្ញាត ដើម្បីដោះស្រាយបញ្ហាបញ្ហាខ្វះខាត ថាមពលអគ្គិសនីក្នុងប្រទេសវៀតណាម ដែលត្រូវបានព្យាករណ៍ថានឹងកើតឡើងចាប់ពីឆ្នាំ២០២០នេះ ស្របពេលដែលតម្រូវការ បានកើនឡើងខ្ពស់ ជាងដំណើរការសាងសង់មូលដ្ឋានផលិតថាមពលអគ្គិសនីក្នុងស្រុក៕