(សេអ៊ូល)៖ គេហទំព័រព័ត៌មានកូរ៉េខាងជើង អារីរាំង មារី (Arirang Meari) បានចេញផ្សាយថា តំបន់មជ្ឈិមបូព៌ានឹងក្លាយជាទីវាលបញ្ចុះសពរបស់កងទ័ពអាមេរិក បើសិនជាលោក ដូណាល់ ត្រាំ ប្រកាសធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ ខណៈជំនាញមួយចំនួនយល់ថា មរណភាពលោកមេទ័ពអ៊ីរ៉ង់លោក អាស្សេម សូឡៃមេនី (Qassem Soleimani) អាចនឹងធ្វើឱ្យលោក គីម ជុងអ៊ុន ក៏ដូចជាទីក្រុងព្យុងយ៉ាងកាន់តែមានការប្រុងប្រយ័ត្នជាងមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

នៅក្នុងអត្ថបទចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅ គេហទំព័រ Arirang Meari ក៏បានកត់សម្គាល់ដែរថា បើតាមអ្នកជំនាញជាច្រើន សហរដ្ឋអាមេរិកកំពុងដើរចូលក្នុងភាពចលាចល នៃសង្រ្គាមមជ្ឈិមបូព៌ាដោយខ្លួនឯង រីឯសម្ព័ន្ធមិត្តធំៗមួយចំនួនរបស់អាមេរិក ទំនងជានឹងមិនគាំទ្រ ឬក៏ចូលរួមជាមួយលោក ដូណាល់ ត្រាំ ក្នុងការធ្វើសង្រ្គាមទល់នឹងទីក្រុងតេហេរ៉ង់នោះដែរ ដោយសារតែបញ្ហានយោបាយផ្ទៃក្នុង ព្រមទាំងការព្រួយបារម្ភពីផលប៉ះពាល់ ទៅដល់សេដ្ឋកិច្ចរបស់ពួកគេ។

ដោយឡែកទាក់ទិននឹងសំណុំរឿងមជ្ឈិមបូព៌ានេះដែរ លោក ជុង សេយុន (Jeong Se Hyun) ដែលជាអតីតរដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានយល់ថា មរណភាពរបស់លោក Qassem Soleimani អាចនឹងធ្វើឱ្យលោក គីម ជុងអ៊ុន មានសម្ពាធផ្លូវចិត្ត ហើយកូរ៉េខាងជើងនឹងកាន់តែមានការប្រុងប្រយ័ត្នជាងមុន មុននឹងទម្លាយពីទីតាំងដែលលោក គីម ស្ថិតនៅ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ កូរ៉េខាងជើងអាចនឹងយកមរណភាពរបស់លោក Soleimani ធ្វើជាមេរៀន ដោយនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយរឹតតែពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន ដើម្បីកំញើញសហរដ្ឋអាមេរិក កុំឱ្យធ្វើអ្វីផ្ដេសផ្ដាសតាមតែទំនើងចិត្ត ដូចដែលមហាអំណាចលេខ ១ នេះបានធ្វើដាក់អ៊ីរ៉ង់៕