(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក បាននិងកំពុងដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០៦គ្រឿង ទៅកាន់មូលដ្ឋានទ័ព នៅលើកោះឌីហ្គោហ្គាសៀ (Diego Garcia) នៃមហាសមុទ្រឥណ្ឌា ចំពេលទីក្រុងតេហេរ៉ង់កំពុងតែគំរាមកាន់តែខ្លាំងឡើង ថានឹងវាយប្រហារសងសឹក ក្រោយលោកមេទ័ពអ៊ីរ៉ង់ កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិតនៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Fox News នៅថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

ព័ត៌មានពីការបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែបក B-52 ខាងលើ ដែលត្រូវបានរាយការណ៍មុនគេដោយទូរទស្សន៍ CNN គឺជាការពង្រឹងវត្តមាន យោធាចុងក្រោយបំផុតមួយរបស់សហរដ្ឋអាមេរិក នៅក្បែរតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីក្រុមជីវពលស៊ីអះអ៊ីរ៉ាក់ ខាធេប ហេសបូលឡាហ៍ (Kataib Hezbollah) និងអ៊ីរ៉ង់ ព្រមានធ្វើការវាយប្រហារ ដើម្បីសងសឹកឱ្យវិញ្ញាណក្ខន្ធលោក Soleimani ខណៈបុណ្យសពរបស់មេទ័ពរូបនេះ កំពុងតែប្រព្រឹត្តទៅនៅឡើយក្នុងរដ្ឋធានីតេហេរ៉ង់។

បើតាម CNN យន្ដហោះ B-52 ទាំង ០៦គ្រឿងនេះបានធ្វើដំណើរចាកចេញពីមូលដ្ឋានទ័ពអាកាស បាកដាល (Barksdale) ក្នុងរដ្ឋល្វីស្យ៉ាណា (Louisiana) ឆ្ពោះទៅកាន់កោះ Diego Garcia ដែលស្ថិតនៅចំងាយជាង ៣,៧០០គីឡូម៉ែត្រពីភាគខាងត្បូង នៃជ្រោយសមុទ្រអ៊ីរ៉ង់។ ដោយឡែកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ៊ីរ៉ង់ក៏បានប្រកាសប្រុងជើងការ ចំពោះកងកម្លាំងមីស៊ីល នៅទូទាំងប្រទេសរបស់ខ្លួនរួចហើយដែរ។

គួរជម្រាបថា យន្ដហោះទម្លាក់គ្រាប់បែក B-52 មានសមត្ថភាពបាញ់មីស៊ីល គ្រាប់បែកឡាស៊ែរ អាវុធធម្មតា ព្រមទាំងគ្រាប់បែកនុយក្លេអ៊ែរជាដើម។ សហរដ្ឋអាមេរិកក៏ធ្លាប់បញ្ជួនយន្ដហោះប្រភេទនេះ ទៅកាន់ប្រទេសកាតា កាលពីខែឧសភា ឆ្នាំ២០១៩ ផងដែរ តែយន្ដហោះ B-52 នោះបានចាកចេញកាលពីប៉ុន្មានខែមុខនេះ ក្រោយភាពតានតឹងជាមួយអ៊ីរ៉ង់កាលណោះ ស្ងប់ស្ងាត់បន្តិចវិញ៕