(តេហេរ៉ង់)៖ សភាអ៊ីរ៉ង់នៅថ្ងៃអង្គារនេះបានសម្រេច កត់ឈ្មោះមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិកចូលក្នុង «បញ្ជីខ្មៅនៃអង្គការភេរវកម្ម» បន្ទាប់ពីការបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ដោយអាមេរិកលើទឹកដីអ៊ីរ៉ាក់ បានផ្តាច់ជីវិតមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់ គឺលោក កាស្សេម សូឡៃមេនី (Qassem Soleimani) កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

យោងតាមលទ្ធផលក្រោយការបោះឆ្នោត នៅក្នុងសភាជាតិនៃប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ មន្ត្រីទាំងអស់ដែលបម្រើការងារនៅក្នុងមន្ទីរការពារជាតិអាមេរិកបញ្ចកោណ ព្រមទាំងអង្គភាពដែលពាក់ព័ន្ធ ជាពិសេសមន្ត្រីយោធាអាមេរិកកំពូលៗ ដែលបានចូលរួមក្នុងប្រតិបត្តិការធ្វើឃាតលោក Soleimani ត្រូវបានដាក់បញ្ចូលទៅក្នុង «បញ្ជីខ្មៅនៃអង្គការភេរវកម្ម» រួចរាល់ហើយ។

គួរបញ្ជាក់ថា ក្រៅពីការកត់ឈ្មោះមន្ទីរការពារជាតិ និងមន្ត្រីពាក់ព័ន្ធរបស់អាមេរិក ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួននោះ សភាអ៊ីរ៉ង់ក៏បានសម្រេចឲ្យរដ្ឋាភិបាលបញ្ចេញថវិកា ២២៣លានដុល្លារអាមេរិក ដើម្បីជម្រុញសមត្ថភាពការពារជាតិ នៃកងកម្លាំងពិសេស Quds Force ស្ថិតក្រោមបញ្ជារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC។

កាលពីខែមេសា ឆ្នាំ២០១៩ ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ ក៏បានដាក់បញ្ចូលទីបញ្ជាការយោធា ភូមិភាគកណ្តាល របស់អាមេរិកប្រចាំតំបន់អាស៊ី ចូលទៅក្នុងបញ្ជីនៃក្រុមភេរវករផងដែរ ដើម្បីជាការឆ្លើយតបនឹងការដាក់បញ្ចូលកងកម្លាំង អ៊ីរ៉ង់ IRGC ចូលក្នុងអង្គការភេរវកម្មបរទេស ដោយសហរដ្ឋអាមេរិក៕