(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសឯកជនរបស់អាមេរិក SpaceX ទើបតែបានបាញ់បង្ហោះផ្កាយរណប Starlink ចំនួន ៦០គ្រឿងបន្ថែមទៀត ឡើងទៅកាន់ទីអវកាស ក្រោមគម្រោងបង្កើតបណ្តាញផ្កាយរណបសរុបរាប់ម៉ឺនគ្រឿង ដើម្បីផ្គត់ផ្គង់សេវាអ៊ីនធឺណែត ដល់អ្នកប្រើប្រាស់នៅលើពិភពលោក ដែលប្រការនេះមានន័យថា គំរោង Starlink មានផ្កាយរណបកើនដល់ ១៨០គ្រឿងហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

ក្រុមផ្កាយរណបខាងលើត្រូវបាននាំយកឡើងទៅទីអវកាស តាមរយៈការប្រើប្រាស់រ៉ុក្កែត Falcon 9 ដែលត្រូវបានបាញ់ចេញពីរដ្ឋផ្លូរីដា នៃសហរដ្ឋអាមេរិក កាលពីប៉ុន្មានម៉ោងកន្លងទៅនេះ។ ក្រោយឡើងទៅដល់ក្នុងលំហអវកាស ផ្កាយរណបទាំងនោះ នឹងត្រូវចាប់ផ្តើមដាក់ពង្រាយនៅរយៈកម្ពស់ ២៩០គីឡូម៉ែត្រ ហើយបន្ទាប់មកទៀតពួកវានឹងត្រូវផ្លាស់ទី ឡើងឲ្យដល់គន្លងគោលចរកម្ពស់ ៥៥០គីឡូម៉ែត្រពីផ្ទៃផែនដី។

គួរជម្រាបថា ក្រុមហ៊ុន SpaceX កាលពីក្នុងឆ្នាំ២០១៩ បានបាញ់បង្ហោះផ្កាយរណបក្នុងចំនួន ៦០គ្រឿងបែបនេះ ពីរលើករួចមកហើយ ដែលសរុបគឺ ១២០គ្រឿង។ SpaceX រំពឹងថានឹងនាំយកផ្កាយរណបប្រមាណ ១២,០០០គ្រឿងឡើងទៅដល់ទីអវកាសនៅត្រឹមឆ្នាំ២០២៤ ហើយបន្ទាប់ពីនោះក្រុមហ៊ុន SpaceX ក៏មានគម្រោងបញ្ជូន ៣០,០០០គ្រឿងបន្ថែម ដើម្បីធ្វើឲ្យចំនួនផ្កាយរណបសរុបឡើងដល់ ៤២,០០០គ្រឿងផងដែរ។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន ការផ្តល់សេវាអ៊ីនធើណែតដោយបណ្តាញផ្កាយរណប Starlink នឹងចាប់ផ្តើមជាបណ្តើរៗនៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ក្នុងឆ្នាំ២០២០នេះ៕