(តេហេរ៉ង់)៖ ប្រជាជនអ៊ីរ៉ង់ចំនួន ៣៥នាក់បានបាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស ដោយសារការរត់ជាន់លើគ្នា នៅក្នុងពិធីបុណ្យសពលោក កាស្សេម សូឡៃមេនី (Qassem Soleimani) មេទ័ពកំពូលមួយរូបនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ BBC នាល្ងាចថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

ដោយសារតែពិធីបុណ្យសពនៅក្នុងរដ្ឋធានីតេហេរ៉ង់ មានសភាពណែនណាន់តាន់តាប់ខ្លាំងពេកនោះ ទើបការធ្វើដំណើរមានការលំបាក ហើយឈានទៅដល់ការកើតមាន ហេតុការណ៍រត់ប្រជាន់លើគ្នា នៅពេលមឈូសលោកមេទ័ព ត្រូវដង្ហែទៅរកកន្លែងបញ្ចុះនោះ។
មន្ត្រីគ្រប់គ្រងគ្រាមានអាសន្នអ៊ីរ៉ង់ បានប្រាប់ទូរទស្សន៍ក្នុងស្រុកអ៊ីរ៉ង់យ៉ាងដូច្នេះថា «ប្រជាជនចំនួន ៣៥នាក់ដែលបានចូលរួមក្នុងពិធីបុណ្យសពបានបាត់បង់ជីវិត និង ៤៨នាក់ទៀតទទួលរងរបួស»។ ដោយសារហេតុនេះហើយ ទើបពិធីបញ្ចុះសពលោក Soleimani ត្រូវបានពន្យារពេលសិន ហើយការកំណត់ថ្មីនឹងត្រូវប្រកាស នាពេលក្រោយទៀត។

គួរបញ្ជាក់ថា ពិធីបុណ្យសពលោកមេទ័ពអ៊ីរ៉ង់ Qassem Soleimani ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវបានចូលរួមដោយប្រជាជនអ៊ីរ៉ង់យ៉ាងច្រើនកកុញ ជាហេតុធ្វើឲ្យពិធីទាំងមូល ពិបាកក្នុងការ រក្សារបៀបរៀបរយ។ លោក Soleimani ដែលមួយរយៈចុងក្រោយនេះ មានភាពល្បីល្បាញខ្លាំងក្នុងទំព័រសារព័ត៌មានអន្តរជាតិ តាមរយៈការព្រមានសហរដ្ឋអាមេរិក ជាបន្តបន្ទាប់នោះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកងទ័ពអាកាសអាមេរិក លើទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន៕