(វ៉ាស៊ីនតោន)៖ ជម្លោះរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់បានឈានដល់ចំណុចក្តៅ ថ្មីមួយទៀតហើយ នោះគឺសហរដ្ឋអាមេរិក បានសម្រេចមិនផ្តល់ទិដ្ឋាការឲ្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) នោះឡើយ ខណៈដែលតំណាងរដ្ឋាភិបាលអ៊ីរ៉ង់រូបនេះ នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងញូយ៉ក ដើម្បីចូលរួមកិច្ចប្រជុំក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក)។ នេះបើតាមការដកស្រង់ព័ត៌មានពី Reuters នាល្ងាចថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

ព័ត៌មានខាងលើនេះ ត្រូវបានផ្តល់ដោយមន្ត្រីរដ្ឋាភិបាលអាមេរិក ដែលបានសុំមិនបញ្ចេញឈ្មោះនៅថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលកម្តៅរវាងប្រទេសទាំងពីរ អាមេរិក និងអ៊ីរ៉ង់កំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំងក្លា ដោយសារតែការធ្វើឃាតមេទ័ពកំពូល អ៊ីរ៉ង់មួយរូបគឺលោក កាស្សេម សូឡៃមេនី (Qassen Soleimani) ក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ ក្រោមការបញ្ជាផ្ទាល់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងបង្កើត ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (UN) នៅបុរីញូយ៉កសហរដ្ឋអាមេរិកឆ្នាំ១៩៤៧ សហរដ្ឋអាមេរិកត្រូវបានតម្រូវ ឲ្យផ្តល់ទិដ្ឋាការជាទូទៅសម្រាប់មន្ត្រីទូតបរទេសនានា មកកាន់អង្គការសហប្រជាជាតិ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែរក្សាហេតុផលផ្ទាល់ខ្លួនថា អាមេរិកអាចធ្វើការបដិសេធមិនផ្តល់ទិដ្ឋាការ ក្នុងករណីពាក់ព័ន្ធសន្តិសុខ ភេរវកម្ម និងនយោបាយការបរទេស។ ក្រសួងការបរទេសអាមេរិក មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីឡើយ ជុំវិញសេចក្តីរាយការណ៍ខាងលើនេះ៕