(ការ៉ាកាស់)៖ មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaidó ត្រូវបានកងកម្លាំងសន្តិសុខរារាំងមិនឱ្យចូលទៅប្រជុំក្នុងរដ្ឋសភា នោះទេ នៅថ្ងៃអង្គារនេះ បន្ទាប់ពីសភាជាតិបានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃសម្ព័ន្ធមិត្តរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

ភាពចលាចល បានផ្ទុះឡើងសាជាថ្មីកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រោយសមាជិកសភាបក្សប្រឆាំងមួយចំនួន បានបង្កើតសម្ព័ន្ធភាពដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយ លោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ព្រមទាំងបានជ្រើសរើសលោក Luis Parra ដែលជាអតីតសម្ព័ន្ធមិត្តរបស់លោក Guaidó ជាប្រធាន សភាជាតិថ្មី។

លោក Guaidó ក៏ត្រូវបានគេរារាំងមិនចូលក្នុងសភាផងដែរកាលពីថ្ងៃអាទិត្យ ដោយលោកថែមទាំងប្រឹងឡើងលើរបងរដ្ឋសភាទៀតផង ហើយសន្យាថានឹង ចូលទៅដឹកនាំកិច្ចប្រជុំក្នុងនាមជាប្រធានសភាឱ្យទាល់តែបាននៅថ្ងៃអង្គារនេះ៕