(តេហេរ៉ង់)៖ ចំនួនមនុស្សស្លាប់បានកើនដល់ ៥៦នាក់បានបាត់បង់ជីវិត ក្នុងករណីផ្អើលរត់ជាន់គ្នាមួយនៅឯទីក្រុងឃើម៉ាន់ (Kerman) កំឡុងពិធីបុណ្យសពមេទ័ពកំពូលអ៊ីរ៉ង់ ដែលត្រូវបានអាមេរិកសម្លាប់នៅលើទឹកដីអ៊ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។

ករណីរត់ជាន់គ្នាខាងលើបានកើតឡើង កាលពីថ្ងៃអង្គារសប្តាហ៍នេះ កំឡុងពេលមនុស្សម្នាជាច្រើនកំពុងចូលរួមពិធីបុណ្យសពលោក កាស្សេម សូឡៃមេនី (Qassem Soleimani) យ៉ាងណែនណាន់តាន់តាប់។ យោងតាមសេចក្តីរាយការណ៍របស់ស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់ ៥៦នាក់ ខណៈជាង ២០០នាក់បានទទួលរងរបួស។

សាកសពមេទ័ពកំពូលអ៊ីរ៉ង់រូបនេះ ត្រូវបានដឹកមកដល់ក្រុង អាហ៍វ៉ាស (Ahvaz) ភាគនិរតីអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយពិធីដង្ហែរសពលោកត្រូវបានប្រារព្ធឡើង ជាបន្តបន្ទាប់តាំងពីទីនោះមក រហូតដល់ទីក្រុងមួយចំនួនទៀត រួមមានទីក្រុង ម៉ាសហាដ (Mashhad), រដ្ឋធានីតេហេរ៉ង់ និងទីក្រុងពិសិដ្ឋកូម (Qom) ដែលសុទ្ធតែប្រជាជនអ៊ីរ៉ង់ បាននិងកំពុងចូលរួមយ៉ាងច្រើនសម្បើម។

គួរជម្រាបថា សពលោក Soleimani ត្រូវបានគ្រោងនឹងបញ្ចុះនៅក្នុងទីក្រុង ឃើម៉ាន់ (Kerman) ភ្លាមៗក្រោយពីធីដង្ហែថ្ងៃអង្គារម្សិលមិញ ប៉ុន្តែក្រោយមានផ្ទុះករណីផ្អើលរត់ជាន់គ្នា នាំឲ្យស្លាប់និងរបួសមនុស្សជាច្រើននាក់ បណ្តាញសារព័ត៌មានអ៊ីរ៉ង់បានចុះផ្សាយថា ការបញ្ចុះសពត្រូវបានពន្យារពេល ជាបណ្តោះអាសន្នសិន។

លោក Qassem Soleimani ត្រូវបានយោធាអាមេរិកធ្វើឃាត តាមរយៈការវាយប្រហារដោយយន្តហោះដ្រូន នៅក្បែរអាកាសយានដ្ឋាននៃ ទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈអ៊ីរ៉ង់ទើបតែបានធ្វើការសងសឹក ដោយការបាញ់មីស៊ីលជាច្រើនគ្រាប់ទៅ លើមូលដ្ឋានយោធាក្នុងប្រទេសអ៊ីរ៉ាក់យ៉ាងតិច ០២កន្លែង ដែលត្រូវគេជឿជាក់ថា មានវត្តមានកងទ័ពអាមេរិក ជាការសងសឹកនឹងសកម្មភាពធ្វើឃាតរបស់អាមេរិក មកលើមេទ័ពខ្លួន។ ប៉ុន្តែបើតាមបណ្តាញសារព័ត៌មានអាមេរិក ការវាយប្រហាររបស់អ៊ីរ៉ង់ ពុំបានបង្កឲ្យកងទ័ពអាមេរិកណាម្នាក់បាត់បង់ជីវិតឡើយ ខណៈភាគីអ៊ីរ៉ាក់មិនទាន់ធ្វើការបញ្ជាក់ អំពីចំនួនមនុស្សរងគ្រោះនោះឡើយ៕