(វ៉ាស៊ីនតោន)៖ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កាន់តែធំឡើងៗហើយ នៅថ្ងៃពុធនេះក្រោយអ៉ីរ៉ង់បើកការវាយប្រហារដោយគ្រាប់មីស៊ីល ២២គ្រាប់ ស្រោចលើមូលដ្ឋានទ័ពចំនួនពីរកន្លែង នៅលើទឹកដីអ៉ីរ៉ាក់ ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់លោកមេទ័ព កាស្សេម សូឡៃមេនី (Qasem Soleimani) ដែលត្រូវបានអាមេរិកសម្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

បើតាមយោធាអ៉ីរ៉ាក់ អ៉ីរ៉ង់បានបាញ់មីស៊ីលចំនួន ២២គ្រាប់ស្រោចលើមូលដ្ឋានទ័ពអាមេរិក ចំនួនពីរនៅក្នុងប្រទេសអ៉ីរ៉ាក់ គឺមូលដ្ឋានទ័ពអាមេរិក អេនអាល់អាស្សាដ (Ain al-Asad) នៅក្នុងខេត្ត អានបា (Anbar) និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុងអឺប្រ៊ីល (Erbril)។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានបញ្ជាក់ថា យោធាអាមេរិក ៨០នាក់ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារនេះ រីឯខាងមន្ទីរបញ្ចកោណមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយទេ ស្របពេលប្រព័ន្ធផ្សព្វផ្សាយអាមេរិកអះអាងថា គ្មានយោធាអាមេរិកណាម្នាក់ស្លាប់ឡើយ។
ប៉ុន្តែគួរឱ្យកត់សម្គាល់ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់ មានការព្រួយបារម្ភជាច្រើនខ្លាចក្រែងសង្រ្គាមអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកងផ្ទុះឡើង ខណៈអ្នកជំនាញមួយចំនួនយល់ថា ការសម្លាប់លោក Soleimani អាចមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នយោបាយ នៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

* តើការបង្កជម្លោះ ឬសង្រ្គាមជាមួយអ៉ីរ៉ង់នឹងធ្វើឱ្យលោក ត្រាំ ជាប់ឆ្នោតមួយអាណត្តិទៀតដែរ ឬទេ?

តាមធម្មតានៅក្នុងសហរដ្ឋអាមេរិក ប្រធានាធិបតីម្នាក់ ដែលប្រឈមមុខនឹងវិបត្តិនយោបាយការបរទេសធ្ងន់ធ្ងរ តែងតែទទួលបានផលប្រយោជន៍ ពីការកើនឡើងប្រជាប្រិយភាព នៅក្នុងពេលមួយរយៈខ្លីតែប៉ុណ្ណោះ។ ជាឧទាហរណ៍ជាក់ស្ដែង អតីតប្រធានាធិបតីអាមេរិក ចច ប៊ូស (Georg Bush) ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ប្រជាជន និងអ្នកនយោបាយអាមេរិក នៅក្នុងសង្រ្គាមឈូងសមុទ្រឆ្នាំ១៩៩១។

ដំបូងប្រជាប្រិយភាពរបស់លោក Bush ពិតជាកើនឡើងមែន ប៉ុន្តែវាស្រាប់តែធ្លាក់ចុះបន្តិចម្ដងៗ រហូតធ្វើឱ្យចាញ់នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩២ ប្រឈមុខនឹងអតីតបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យគឺលោក ប៊ឺល គ្លីនតុន។ ដោយឡែកក្រឡេកទៅមើលស្ថានការណ៍សព្វថ្ងៃ លោក ដូណាល់ ត្រាំ ក៏កំពុងស្ថិតដឹកនាំសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់មាត់ជ្រោះនៃសង្រ្គាមជាមួយអ៊ីរ៉ង់ផងដែរ ហើយដែលជម្លោះជាមួយអ៉ីរ៉ង់នេះ ត្រូវបានអ្នកជំនាញខ្លះយល់ថា អាចនឹងកំណត់ពីជោគវាសនានយោបាយរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០នេះ។

និយាយឱ្យងាយស្ដាប់ បើសិនជាលោក ដូណាល់ ត្រាំ ផ្តោតសំខាន់តែទៅលើផលប្រយោជន៍ក្នុងការបង្កជម្លោះ ឬសង្រ្គាមជាមួយអ៉ីរ៉ង់ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត នោះលោកអាចនឹងបង្កកំហុសមួយដ៏ធំ ដ្បិតសង្រ្គាមរុំារ៉ៃ ឬមានរយៈពេលវែងជាមួយអ៉ីរ៉ង់ នឹងធ្វើឱ្យលោកផ្ទាល់ធ្លាក់ចូលក្នុងវិបត្តិដែរ ដោយប្រជាប្រិយភាព និងឱកាសជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត អាចនឹងត្រូវរងផលប៉ះពាល់ ដោយសារសង្រ្គាមយូរអង្វែង អាចនឹងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច និងពលីជីវិតកងទ័ពអាមេរិក នៅក្នុងសង្រ្គាមនៅឯបរទេស ដែលកំពុងធ្វើឱ្យប្រជាជនអាមេរិក ធុញទ្រាន់ស្រាប់។

ដូច្នេះអ្វីដែលលោក ដូណាល់ ត្រាំ ត្រូវធ្វើនៅពេលនេះ នោះគឺបង្ហាញប្រជាជនអាមេរិកថា អ្វីដែលលោកកំពុងធ្វើ គឺដើម្បីតែការពារផលប្រយោជន៍អាមេរិក និងជាប្រយោជន៍សម្រាប់ពិភពលោកទាំងមូល ព្រោះប្រជាជនអាមេរិកភាគច្រើន ក៏មិនពេញចិត្តចំពោះនយោបាយបែបគាំពារនិយម ដែលគិតតែពីប្រយោជន៍ខ្លួនឯង និងបំផ្លាញប្រយោជន៍អ្នកដទៃនោះដែរ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងថ្លែងសារមួយនៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជុំវិញការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៉ីរ៉ង់ នៅលើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែងនៅអ៉ីរ៉ាក់។ ប៉ុន្តែមុនការវាយប្រហារនេះ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានព្រមានដែរថា លោកនឹងវាយប្រហារលើមូលដ្ឋាន ឬទីតាំងរបស់អ៉ីរ៉ង់ចំនួន ៥២កន្លែង ក្នុងនោះរួមមានទាំងតំបន់បេតិភណ្ឌពិភពលោក បើសិនជាអ៉ីរ៉ង់ហ៊ានបើកការវាយប្រហារសងសឹក លើមូលដ្ឋានទ័ពអាមេរិក ឬបំផ្លាញផលប្រយោជន៍អាមេរិកនៅតំបន់មជ្ឈិមបូព៌ា៕

ប្រភព៖ Bloomberg (ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០)