(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei បានហៅការវាយប្រហារដោយមីស៊ីលរាប់សិបគ្រាប់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ គឺជាការទះមុខអាមេរិកមួយកំផ្លៀង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។

លោក Khamenei ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសារមួយបង្ហោះលើ Twitter ជាមួយការព្រមានថាអ៉ីរ៉ង់អាចនឹងបើកការវាយប្រហារលើទីតាំង ចំនួន១០០ ដែលអាមេរិកកំពុងឈរជើង បើសិនជាទីក្រុងវ៉ាស៊ីនតោន ហ៊ានចាត់វិធានការសងសឹកនឹងការវាយប្រហាររបស់អ៉ីរ៉ង់។ លោក Khamenei បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «សហរដ្ឋអាមេរិក ត្រូវបានយើងទះមួយកំផ្លៀងកាលពីយប់មិញ ប៉ុន្តែសកម្មភាពយោធាបែបនេះ មិនទាន់គ្រប់គ្រាន់ នៅឡើយទេ»។

គួរជម្រាបថា មកទល់នឹងពេល សហរដ្ឋអាមេរិក មិនបានទទួលស្គាល់ ឬផ្ដល់ទិន្នន័យពីចំនួនជនរងគ្រោះនៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលអ៉ីរ៉ង់ជាង ២២គ្រាប់ លើមូលដ្ឋានទ័ព Ayn al-Asad ស្ថិតនៅភាគខាងលិចខេត្ត Anbar និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង Erbil នៅឡើយទេ ខណៈទូរទស្សន៍រដ្ឋ អ៉ីរ៉ង់អះអាងថាយោធាអាមេរិកដល់ទៅ៨០នាក់ឯណោះ ត្រូវបានសម្លាប់៕