(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃពុធនេះ បានព្រមានសងសឹកយ៉ាងបង្ហូរឈាម បើសិនជាអ៉ីរ៉ង់ហ៊ានបើក ការវាយប្រហារណាមួយមកលើប្រទេសរបស់លោក ជាការសងសឹកឱ្យលោកមេទ័ព Qassem Soleimani ដែលត្រូវបានអាមេរិកសម្លាប់ នៅក្នុងទីក្រុង បាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងហ្សេរុយសាឡឹម នៅថ្ងៃពុធនេះ លោក Netanyahu លើកឡើងដូច្នេះថា៖ «យើងកំពុងឈរយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងអ្នកដែលចង់សម្លាប់ពួកយើង។ យើងកំពុងតែឈរជាមួយការប្ដេជ្ញាចិត្ត ពោរពេញដោយថាមពល។ នរណាក៏ដោយឱ្យតែចង់ព្យាយាមវាយប្រហារ លើពួកយើង នោះនឹងត្រូវបានកម្ទេច ឬទទួលរងការឈឺចាប់យ៉ាងខ្លោចផ្សាជាទីបំផុត»។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បន្ថែមទៀតថា លោក Soleimani គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ជនស៊ីវិលស្លូតត្រង់រាប់មិនអស់ ព្រមទាំងបង្កអស្ថេរភាពនៅក្នុងតំបន់។ ដូច្នេះការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ គឺជារឿងត្រឹមត្រូវ ហើយគួរតែត្រូវបានកោតសរសើរ។

គួរជម្រាបថា ការព្រមានខាងលើរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីអ៉ីរ៉ង់ បើកការវាយប្រហារដោយគ្រាប់មីស៊ីលជាង២២គ្រាប់ លើមូលដ្ឋានអាមេរិក Ayn al-Asad ស្ថិតនៅភាគខាងលិចខេត្ត Anbar និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង Erbil។ មិនតែប៉ុណ្ណោះ អ៉ីរ៉ង់ក៏បានព្រមានដែរថានឹងវាយប្រហារលើ អ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ឬសម្ព័ន្ធមិត្តអាមេរិកដទៃទៀត នៅក្នុងតំបន់ បើសិនសហរដ្ឋអាមេរិកបើកវាយប្រហារសងសឹកលើអ៉ីរ៉ង់វិញ៕