(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើសេចក្ដីថ្លែងការណ៍មួយនៅម៉ោង១១ព្រឹក ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជុំវិញ ការវាយប្រហារដោយមីស៊ីលរាប់សិបគ្រាប់របស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើតាមសេតវិមាន ដកស្រង់ចេញ ផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។

នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ អ៊ីរ៉ង់បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលជាង២២គ្រាប់ លើមូលដ្ឋានអាមេរិក Ayn al-Asad ស្ថិតនៅភាគខាងលិចខេត្ត Anbar និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង Erbil។ មិនតែប៉ុណ្ណោះ អ៉ីរ៉ង់ក៏បានព្រមានដែរថានឹងវាយប្រហារលើទីតាំងឈរជើង របស់អាមេរិកចំនួន១០០កន្លែងផ្សេងទៀត បូករួមទាំងអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ឬសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់បើសិនជាសហរដ្ឋអាមេរិក បើកវាយប្រហារសងសឹកលើអ៉ីរ៉ង់វិញ។

ប៉ុន្តែ មកទល់នឹងពេលនេះ ខាងទីក្រុងវ៉ាស៊ីនតោន មិនបានផ្ដល់ទិន្នន័យជនរងគ្រោះណាម្នាក់ឡើយ ខណៈទូរទស្សន៍រដ្ឋអ៊ីរ៉ង់ អះអាងថាយោធាអាមេរិក ដល់ទៅ៨០នាក់ ត្រូវបានសម្លាប់។ លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានហើយថាសហរដ្ឋអាមេរិក នឹងបើកការវាយប្រហារលើទីតាំង៥២កន្លែង របស់អ៊ីរ៉ង់ នៅក្នុងករណីទីក្រុងតេហេរ៉ង់ បើកការវាយប្រហារលើមូលដ្ឋានទ័ព ឬផលប្រយោជន៍អាមេរិកនៅក្នុងតំបន់។ ដូច្នេះលោក ត្រាំ នៅពេលនេះកំពុងប្រឈមមុខ នឹងជម្រើស២ នោះគឺអនុវត្តតាមការសន្យានេះ ឬក៏ត្រូវបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់៕