(សិង្ហបុរី)៖ សិង្ហបុរីបានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួន «មានការព្រួយបារម្ភយ៉ាងខ្លាំង» អំពីភាពតានតឹង ដែលកំពុងកើនឡើង នៅតំបន់មជ្ឈិមបូព៌ាហើយបានផ្តល់ដំបូន្មានឲ្យ ប្រជាពលរដ្ឋកុំស្នាក់នៅ ឬក៏ធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដោយសារតែស្ថានភាពសន្តិសុខ ប្រែប្រួលឆាប់រហ័ស, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះ។

ការព្រួយបារម្ភ និងការផ្តល់ដំបូន្មានធ្វើដំណើរ របស់ក្រសួងការបរទេសសិង្ហបុរីនេះ បានធ្វើឡើង ក្រោយប៉ុនា្មនថ្ងៃបន្ទាប់ពីអាមេរិក បានសម្លាប់មេបញ្ជាការកំពូលអ៉ីរ៉ង់ លោក Qasem Soleimani បន្ទាប់មកមានការសងសឹកវិញ ដោយការវាយប្រហារគ្រាប់មីស៊ីល ដោយអ៉ីរ៉ង់ ទៅលើមូលដ្ឋានយោធា ក្នុងប្រទេសអ៉ីរ៉ាក់ ដែលគ្រប់គ្រងដោយកងទ័ពបរទេស។ អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី បានលើកឡើងថា «វាមានភាពចាំបាច់ជាបន្ទាន់ សម្រាប់គ្រប់ភាគីទាំងអស់ ដោយត្រូវ អត់ធ្មត់ជាអតិបរមា និងបន្ថយភាពតានតឹង ហើយត្រឡប់ទៅរកកិច្ចពិភាក្សា និងការទូត ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា របស់ពួកគេ»

កាលពីសប្តាហ៍មុន លោក Qasem Soleimani ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលដ៏ល្បីល្បាញ នៅក្នុងប្រទេសអ៉ីរ៉ង់ ដែលត្រូវបានគេមើលឃើញថា ជាសត្រូវរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននោះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមដែនអាកាសរបស់អាមេរិក នៅអាកាសយានដ្ឋាន ទីក្រុង Baghdad របស់អ៉ីរ៉ាក់ ដែលចេញបញ្ជាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕