(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា គ្មានកងទ័ពអាមេរិកណាម្នាក់ ស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយ គ្រាប់មីស៊ីលរបស់អ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកពីរកន្លែងនៅក្នុងប្រទេសអ៉ីរ៉ាក់នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយចំពោះមុខអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ត្រាំ បានបញ្ជាក់ដូច្នេះថា៖ «គ្មានកងទ័ព របស់យើងណាម្នាក់បាត់បង់ជីវិតនោះទេ។ កងទ័ពរបស់យើងទាំងអស់មានសុវត្ថិភាព ហើយមូលដ្ឋានយោធារបស់យើងក៏រងការខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះ»។ លោក ត្រាំ បន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ ដោយនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។

គួរជម្រាបថា នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ អ៉ីរ៉ង់បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលជាង២២គ្រាប់ លើមូលដ្ឋានអាមេរិក Ayn al-Asad ស្ថិតនៅភាគខាងលិចខេត្ត Anbar និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង Erbil។ មិនតែប៉ុណ្ណោះ អ៉ីរ៉ង់ក៏បានព្រមានដែរថានឹងវាយប្រហារលើទីតាំងឈរជើង របស់អាមេរិកចំនួន១០០កន្លែងផ្សេងទៀត បូករួមទាំងអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ឬសម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់បើសិនជាសហរដ្ឋអាមេរិក បើកវាយប្រហារសងសឹកលើអ៉ីរ៉ង់វិញ។ ប៉ុន្តែបើតាមលោក ដូណាល់ ត្រាំ អ៉ីរ៉ង់ហាក់ដូចជាធូរស្បើយ និងមានការប្រុងប្រយ័ត្នជាមុនច្រើន ក្រោយវាយប្រហារ លើមូលដ្ឋានទ័ពអាមេរិក៕