(យូអិន)៖ ក្រោយការបញ្ចេញកំហឹងពុះពោដាក់សហរដ្ឋអាមេរិក តាមរយៈការបាញ់មីស៊ីល ស្រោចលើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងទឹកដីនៃប្រទេសអ៉ីរ៉ាក់នោះ តំណាងជាន់ខ្ពស់នៃប្រទេសអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) បានអះអាងថា អ៉ីរ៉ង់គោរពអធិបតេយ្យភាពអ៉ីរ៉ាក់ ខណៈប្រភពផ្លូវការបានបញ្ជាក់ហើយថា គ្មានទាហានអាមេរិក ឬជនស៊ីវិលអ៉ីរ៉ាក់ណាម្នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយមីស៊ីលអ៉ីរ៉ង់នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។

នៅក្នុងលិខិតមួយច្បាប់ ទៅកាន់អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំនៅ UN លោក ម៉ាជីដ ធេក រ៉ាវ៉ាន់ជី (Majid Takht Ravanchi) បានគូសបញ្ជាក់ថា «ប្រទេសអ៉ីរ៉ង់គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសអ៉ីរ៉ាក់ យ៉ាងពេញលេញ។ ការវាយប្រហាររបស់អ៉ីរ៉ង់ មានគោលដៅទៅលើមូលដ្ឋានយោធាប៉ុណ្ណោះ ប៉ុន្តែវាមិនបានបង្កឲ្យជនស៊ីវិលណាម្នាក់រងគ្រោះ ឬក៏បំផ្លាញទ្រព្យសម្បត្តិប្រជាជននៅក្នុងតំបន់នោះឡើយ»

តំណាងជាន់ខ្ពស់អ៉ីរ៉ង់ខាងលើនេះ ក៏បានសង្កត់ធ្ងន់ថែមទៀតដែរថា «អ៉ីរ៉ង់សូមរំលឹកឡើងវិញអំពីការយកចិត្តទុកដាក់របស់ខ្លួន នៅក្នុងការថែរក្សាសន្តិសុខ និងសន្តិសុខអន្តរជាតិ ហើយអ៉ីរ៉ង់មិនដែលចង់បង្កភាពតានតឹង ឬសង្គ្រាមនោះទេ»។ គួរបញ្ជាក់ថា ការថ្លែងរបស់តំណាងជាន់ខ្ពស់អ៉ីរ៉ង់ខាងលើនេះ បានកើតមានឡើងក្រោយពី ក្រសួងការបរទេសអ៉ីរ៉ាក់ប្រកាសថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ទៅ ស្រាយបំភ្លឺ ជុំវិញការបាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាមេរិក កាលពីព្រឹកថ្ងៃពុធ៕