(បរទេស)៖ លទ្ធផលអង្កេតថ្មីមួយបានបង្ហាញថា ឧស្ម័នដែលបាញ់ចេញមកពីប្រហោងខ្មៅល្បីឈ្មោះមួយ កំពុងតែចល័តក្នុងល្បឿនស្មើនឹង ៩៩ភាគរយនៃល្បឿនពន្លឺ (ល្បឿនពន្លឺ = ៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។

ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញឧស្ម័នមានល្បឿនដ៏លឿននោះ ភាយចេញមកពីប្រហោងខ្មៅយក្ស Supermassive Black Hole របស់កាឡាក់ស៊ី Messier 87 ឬ M87 ដែលជាប្រហោងខ្មៅត្រូវក្រុមអ្នកវិទ្យាសាស្រ្តនៅលើផែនដីយើង ផ្តិតយករូបភាពពិតបានជាលើកដំបូងកាលពីឆ្នាំ២០១៩។ តាមរយៈការវិភាគទៅលើទិន្នន័យ នៃកែវយឺតអវកាស Chandra X-Ray បានបង្ហាញថា ឧស្ម័ន និងធូលីអវកាស ដែលត្រូវបានបាញ់ចេញពីប្រហោងខ្មៅយក្សនោះ ហាក់មានល្បឿនលឿនខ្លាំងស្ទើរតែស្មើនឹងល្បឿនពន្លឺ។

សម្រាប់រូបភាពពិតប្រាកដលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រហោងខ្មៅ ត្រូវបានបង្ហាញដោយអ្នកវិទ្យាសាស្រ្ត កាលពីខែមេសា ឆ្នាំ២០១៩ ក្រោយអ្នកវិទ្យាសាស្រ្តបានចំណាយពេលជាច្រើនឆ្នាំ ដើម្បីខិតខំប្រឹងប្រែងផលិតរូបភាពនោះ តាមរយៈការប្រើប្រាស់បណ្តាញ តេឡេស្កូបដ៏ធំសម្បើមហៅថា Event Horizon Telescope ហើយរូបភាពប្រហោងខ្មៅយក្សរបស់កាឡាក់ស៊ី M87 បានជាប់ជារបកគំហើញផ្នែកអវកាសដែលអស្ចារ្យជាងគេប្រចាំឆ្នាំ២០១៩។

គួរបញ្ជាក់ថា កាឡាក់ស៊ី M87 មានចម្ងាយប្រមាណ ៥៣.៤៩លានឆ្នាំពន្លឺពីភពផែនដី ហើយអង្កត់ផ្សិតរបស់វាវិញគឺមានប្រវែងរហូតដល់ ២៤០,០០០ឆ្នាំពន្លឺឯណោះ ដែលវាស្មើហ្នឹងអង្កត់ផ្តិតរបស់កាឡាក់ស៊ី Milky Way របស់យើងគុណហ្នឹងពីរ។ សម្រាប់ប្រហោងខ្មៅមហាយក្សនៅក្នុងកាឡាក់ស៊ី M87 មួយនេះ គឺមានម៉ាសធំជាងព្រះអាទិត្យយើងរហូតដល់ ៦.៥ពាន់លានដង៕